សប្តាហ៍ទី២ : វណ្ណយ៉ា និង សុផា ត្រលប់ទៅផ្ទះវិញ

កាលពីសបា្តហ៍ទី១ ក្នុងវិញ្ញាសា “ រៃអង្គាសប្រាក់” សុភី និងមិនាបានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះបានទទួលអាហារពេលល្ងាចជាមួយលោកជំទាវ អឹង កន្ថាផាវី រដ្ខមន្ត្រីក្រសួងកិច្ចការនារី ។
សប្តាហ៍នេះបេក្ខជននៅសល់១៤នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការប្រកួត ។ នៅសប្តាហ៍ ទី២ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ យុទ្ធនាការប្រមូលហត្ថលេខា” ដើម្បីសំអាតសហគមន៍នៅក្បែររោងចក្រកាត់ដេរប្រាំមួយជាន់តាមផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅ ខណ្ឌមានជ័យ។
ចៅក្រមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាអ្នកសំរេចលើការដកបេក្ខជន២រូបពីការប្រកួតដូចសប្តាហ៍មុនដែរ ។ ក្នុងសប្តាហ៍នេះការបែងចែកក្រុមខុសពីសប្តាហ៍មុន គឺចៅក្រមអោយបេក្ខជនទាំងអស់ចាប់ឆោ្នតដើម្បី បែងចែកជា២ក្រុម៖ ក្រុមចេនឡា និងក្រុមហ្វូណន ។ បន្ទាប់មកក្រុមទាំង២ជ្រើសរើសប្រធានក្រុមរបស់ខ្លួន ។ លោក ហ៊ីង សុខសាន្ត បានជាប់ជាប្រធានក្រុមចេនឡា (ដែលឈ្នះនៅសប្តាហ៍មុន) និងលោក កូវ គារ៉ា ជាប់ជាប្រធានក្រុមហ្វូណន ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
ក្រុមចេនឡា៖ ១ ហ៊ីង សុខសាន្ត ២ ស៊ន សារ៉ាត ៣ ព្រំ សុគន្ធារី ៤ រុន វណ្ណយ៉ា ៥ សួន ចំរើនភារៈ ៦ អេង ហ៊ុយឡេង និង ៧ នូ សុផា
ក្រុមហ្វូណន៖ ១ កូវ គារ៉ា ២ ហ៊ួន ម៉ាលីន ៣ ហេង សុជាតា ៤ ស៊ុំ កល្យាណ ៥ ប៉ុន ពិសី ៦ ស៊ុន សុវត្ថា និង ៧ ហ៊ុល ស្រីនាង
ចៅក្រមទាំងបីនាក់ បានណែនាំដល់ក្រុមទាំង២អំពីការប្រកួត និងផ្តល់វិញ្ញាសា ដល់ក្រុមទាំង២មុនពេលត្រលប់មកចូលរួមក្នុងវគ្គហ្វិក ហ្វឺនស្តីពីការរៀបចំ លិខិតសំណូមពរ ញ្ញតិ និងការប្រមូលការគាំទ្រជាហត្ថលេខា និងស្នាមមេដៃ ដែលមានលោកនូ ហែមព្រហ្មវីរៈ ជាមន្ត្រីកម្មវិធីរបស់ក្រុមប្រឹក្សាយុវជនកម្ពុជាជាអ្នកសំរបសំរួល ។
បន្ទាប់ពីវគ្គហ្វឹកហ្វឺនរយៈពេលមួយព្រឹក ក្រុមទាំង២ជួបប្រជុំនៅកន្លែងផ្សេងៗពីគ្នាដើម្បីរៀបចំផែនការសំរាប់យុទ្ធនាការប្រមូលហត្ថលេខានៅថ្ងៃស្អែក (ថ្ងៃពុធ ទី៣១ ខែកម្ភៈ) ។ ពេញរយៈពេលមួយល្ងាច បេក្ខជនទាំង១៤រូបខិតខំយ៉ាងណាតាមវិធីសាស្ត្ររបស់ខ្លួនដោយ ប្រើប្រាស់អ្វីៗដែលមានស្រាប់ដើម្បីអោយបានជោគជ័យនៅថ្ងៃស្អែក ។
ក្រុមហ្វូណនបានរៀបចំគោលដៅចំនួនទៅរកហត្ថលេខា និងស្នាមមេដៃនៅទិសខាងកើតនៃរោងចក្រកាត់ដេរ៦ជាន់ ដែលមានផ្សារធំៗ២ និងមានផ្ទះសំបែងច្រើនគួរសម។
ក្រុមចេនឡាបានរៀបចំគោលដៅទៅទិសខាងលិចម្តុំរោងចក្រ៦ជាន់ដែរដែលមានផ្សារនៅខាងមុខនិងមានផ្ទះល្វែងជាច្រើន និងរោងចក្រកាត់ដេរ។
ទាំងពីរ ក្រុមមានរយៈពេល១ម៉ោង ដើម្បីប្រមូលហត្ថលេខា និងស្នាមមេដៃ ។ ចៅក្រមជា សំណាង និង សេង ធារី តាមឃ្លាំមើលសកម្មភាពរបស់ក្រុមទាំង២ ។ ការប្រមូលបានបញ្ចប់នៅម៉ោង១០ព្រឹក ។ ក្រុមទាំងពីរក៏យកលិខិតសំណូមពរដែលមានភ្ជាប់ជាមួយហត្ថលេខានិងស្នាមមេដៃទៅប្រគល់ជូនក្រុមហ៊ុន ស៊ីនទ្រីដើម្បីសុំអោយជួយសំអាតទីធ្លានៅផ្សារក្បែររោងចក្រ៦ជាន់ ។
ក្រុមទាំង២ បានចូលមកជួបចៅក្រមនៅក្នុងស្ទូឌីយ៉ូ ដើម្បីដឹងថាតើក្រុមណាឈ្នះ ។ ចៅក្រមទាំងបីសាកសួរបន្តិចអំពីសកម្មភាព និងការលំបាកក្នុងការងារ ។
កញ្ញា សេង ធារី បានប្រកាស ក្រុមចេនឡាទទួលបានហត្ថលេខាចំនួន៤៥០ “ ច្រើនគួរអោយភ្ញាក់ផ្អើល” ។ លោក ម៉ាក សារ៉ាត ប្រកាសថាក្រុមហ្វូណន ទទួលបានចំនួន ៤៩០ ហត្ថលេខា ។ ក្រុមហ្វូណនជាអ្នកឈ្នះ ។
សំរាប់ក្រុមឈ្នះ ហ្វូណនទទួលបានរង្វាន់លើកទឹកចិត្ត “ ទទួលអាហារពេលល្ងាចជាមួយតារាចំរៀង សំពូន មីដាដា និងច្រៀងខារ៉ាអូខេផងដែរ” ។ នៅក្នុងទូរទស្សន៍ លោកសំពូនមីដាដាថែមទាំងលេងហ្គីតានិងច្រៀងបទចំរៀងដ៏ពិរោះទៀតផង ។ លោកសំពូន មីដាដា ដែលជាអ្នកចំរៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេស និងជាពិសេសក្នុងចំនោមយុវជន ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានទូទៅថាគាត់ជាអ្នកចូលចិត្តចូលរួមចំនែកក្នុងកិច្ចការអភិវឌ្ឍសង្គមនិងកិច្ចការជាមួយយុវជនផងដែរ ។
សំរាប់ក្រុមឈ្នះ ប្រធានក្រុមគឺលោក កូវ គារ៉ា នឹងទទួលបានការលើកលែងពីការបញ្ជូនត្រលប់ទៅផ្ទះវិញនៅសបា្តហ៍ក្រោយ ព្រោះលោកបានដឹកនាំក្រុមទទួលបានជ័យជំនះ។
ក្រុមចេនឡាដែលប្រមូលបានហត្ថលេខាតិចជាងត្រូវជួបជាមួយចៅក្រមទាំងបី ដែលបេក្ខជន២រូបនឹងត្រូវអោយត្រលប់ទៅផ្ទះវិញ ។ ថ្ងៃបន្ទាប់មកហ៊ុន ស៊ីនទ្រី ក៏បានចាត់ការសំអាតសំរាមដែលស្អុយរលួយទាំងអស់ចេញពីទីធ្លាដោយមានការចូលរួមពីបេក្ខជនទាំងអស់និងប្រជាពលរដ្ឋផងដែរ ។ សូមអ្នកយកចិត្តទុកដាក់នឹងសំរាមរបស់អ្នកអោយបានល្អដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ។
ការដាក់លិខិតសំណូមពរដោយមានការគាំទ្រជាហត្ថលេខា និងស្នាមមេដៃពីប្រជាពលរដ្ឋជាវិធីមួយដែលអាចអោយអជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាដែលយើងជួបប្រទះក្នុងសហគមន៍ ។
នៅក្នុងបន្ទប់ចៅក្រម៖ ចៅក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ពិភាក្សាគ្នាអំពីមូលហេតុដែលធ្វើអោយក្រុមចាញ់ ហើយលើកឡើងថាតើក្រុមណាដែលគួរតែត្រូវចេញពីការប្រកួត ។ បេក្ខជនទាំង៧ ចោទគ្នាទៅវិញទៅមកអំពីអ្នកដែលគួរចេញពីការប្រកួត ។
ក្រុមចាញ់ត្រូវបានអនុញ្ញាតអោយចេញក្រៅដើម្បីពិភាក្សាគ្នា និងបោះឆ្នោតយក៤នាក់ចូលមកជួបចៅក្រម ។ បេក្ខជន៤រូបដែលត្រូវគេ
ផ្តល់សំលេងអវិជ្ជមានច្រើនជាងគេគឺ សុខសាន្ត (ប្រធានក្រុម) សុគន្ធារី វណ្ណយ៉ា និង សុផា។ ទាំងបួនរូបនៅក្នុងបន្ទប់សារភាព (ដែលមិនមានអ្នកណាម្នាក់ស្តាប់លឺ) បេក្ខជនទាំង៤បាននិយាយពីចំនុចខ្លាំង និងខ្សោយរបស់ខ្លួន និងសារភាពថាតើបេក្ខជន២រូបណាដែលគេចង់អោយត្រលប់ទៅផ្ទះវិញ ក្នុងចំណោមពួកគេទាំងបួនដែលទទួលសំលេងអវិជ្ជមានច្រើន ។
ទាំង៤រូប ចូលជួបចៅក្រមជាលើកចុងក្រោយ ។ មានការតវ៉ាយ៉ាងខ្លាំងកា្លរវាងអ្នកទាំងបីអំពីលទ្ធផលនៃកិច្ចការនិងការដឹកនាំក្រុមរបស់ប្រធាន។ តាមរយៈការសួរដេញដោលពីចៅក្រម លោកជាសំណាង សំរេច ដេញ វណ្ណយ៉ា និង សុផា អោយត្រលប់ទៅផ្ទះវិញ ដោយសារ វណ្ណយ៉ាខ្វះការចូលរួមយោបល់ក្នុងក្រុមនិងទទួលបានហត្ថលេខាតិចជាងគេ ឯសុផា ជាអ្នកដែលនិយាយតិច និងធ្វើតិចដែរ ។
តើបេក្ខជន២រូបណាផ្សេងទៀតនឹងត្រូវចេញពីការប្រកួតនៅសបា្តហ៍ក្រោយ?
ខែ កុម្ភៈ 6, 2007 ម៉ោង 9:45 ព្រឹក
Nice.