វណ្ណយ៉ា មានអាយុ១៨ឆ្នាំ មានស្រុកកំនើតនៅស្រុកមុខកំពូលខេត្តកណ្តាល សព្វថ្ងៃរស់នៅក្រុងភ្នំពេញ ជានិស្សិតឆ្នាំទី១នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
មតិក្នុងការជំរុញទឹកចិត្ត ៖
នាងខ្ញុំចង់បញ្ចេញសមត្ថភាព និង ចំណេះដឹង ហើយចង់ចូលរួមគ្រប់សកម្មភាពទាំងអស់របស់សង្គមក្នុងនាមជាយុវជន ដែលជាសសរទ្រូងដ៏ថ្លៃថ្នូរមួយរបស់ប្រទេសជាតិ ជាពិសេសនោះ មានបំណងចង់សិក្សារៀនសូត្រ ពិសោធន៍ និង ចំណេះដឹងថ្មីៗ អំពីបញ្ហាយុវជនដើម្បីអភិវឌ្ឍន៍ខ្លួនខ្ញុំឲ្យក្លាយជាមនុស្សម្នាក់ដែលមានប្រយោជន៍ចំពោះសង្គម ព្រោះថាសង្គមត្រូវការយុវជនជាចាំបាច់ បើយុវជនល្អចេះចូលរួមក្នុងសង្គម នោះសង្គមនឹងមានការអភិវឌ្ឍន៍រីកចំរើន ដូចនេះហើយយុវជនត្រូវចូលរួមក្នុងការងារសង្គម ជាពិសេស ចង់ក្លាយជាអ្នកដឹកនាំមួយរូបប្រកបដោយសមត្ថភាព សេចក្ដីក្លាហាន និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានការគាំទ្រពីពលរដ្ឋ ជាទីពេញចិត្តរបស់ពលរដ្ឋទាំងអស់ក្នុងសង្គម ។
អំពីភាពជាអ្នកដឹកនាំ ៖
អ្នកដឹកនាំល្អត្រូវគោរពគោលការណ៍ប្រជាធិបតេយ្យជាធំ មានយុត្តិធម៌ ជាអ្នកស្រលាញ់ច្បាប់ យកច្បាប់ជាធំ គោរពសិទ្ធិមនុស្ស ចេះស្គាល់សុខទុក្ខរាស្ត្រ ស្ដាប់មតិ និង សំណូមពរ ហើយឆ្លើយតបយ៉ាងសមស្របទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ត្រូវមានសុខភាពល្អ រាងកាយមាំមួន ឈ្លាសវៃ ចេះក្ដាប់បាននូវកាលៈទេសៈ វៃឆ្លាត ក្នុងការមើលឃើញគ្រប់ទិដ្ឋភាពនៃការរស់នៅ មានភាពក្លាហាន ឆន្ទះមោះមុត ហ៊ានតស៊ូមតិ និង អំណត់ព្យាយាម ចេះដោះស្រាយបញ្ហាសង្គមដោយសន្តិវិធី ស្រលាញ់អហិង្សា ចេះលើកទឹកចិត្តពលរដ្ឋឲ្យគោរពច្បាប់ ហើយត្រូវមានទំនាក់ទំនងល្អពីថ្នាក់លើដល់ថ្នាក់ក្រោម គិតពីប្រយោជន៍រួមជាធំជាងប្រយោជន៍ផ្ទាល់ខ្លួន និយាយរួមត្រូវមាន អភិបាលកិច្ចល្អតាមបែបលទ្ធិប្រជាធិបតេយ្យ ។
អំពីបទពិសោធន៍ ៖
- ក្នុងនាមជាយុវជនជាសសរទ្រូងប្រទេសជាតិមួយរូបនាងខ្ញុំបានទទួលបទពិសោធន៍ជាអ្នកដឹកនាំដោយបានសិក្សាពីកិច្ចពិភាក្សាភាពជា
- អ្នកដឹកនាំ នៅ Harps well Foundation ជារៀងរាល់សប្ដាហ៍
- ចូលរួមបរិច្ចាកឈាមនៅពេលក្រុមកាកបាទក្រហមត្រូវការអ្នកស្ម័គ្រចិត្តដើម្បីជួយជនរងគ្រោះ
- ចូលរួមជាយុវជនស្ម័គ្រចិត្តនៃអង្គការកាត់បន្ថយអាវុធ ដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ពីកាតព្វកិច្ច ច្បាប់អាវុធ និង ផលលំបាកនៃការប្រើប្រាស់អាវុធ
- ចូលរួមក្នុងទិវាសិទ្ធិមនុស្ស ដោយចុះតាមទីស្នាក់ការប៉ុស្តិ៍នគរបាល និង សង្កាត់ជាច្រើនដើម្បីបើកកិច្ចពិភាក្សា បញ្ហាការប្រើប្រាស់អាវុធក្នុងគោលបំណងរក្សាសន្តិសុខ និង ការគោរពសិទ្ធិមនុស្សក្នុងសង្គម តាមរយះអង្គការ (WGWR) ។
ប្រសិនបើជាប់ជាយុវជនឆ្នើម ៖
នាងខ្ញុំនឹងខិតខំជំរុញ និង លើកទឹកចិត្តយុវជនឲ្យកាន់តែមានសកម្មភាពចូលរួមក្នុងសង្គមកាន់តែខ្លាំង លើកកំពស់ស្មារតីយុវជនឲ្យស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន ហើយចាប់ផ្ដើមបង្កើតជាក្រុមអាចឈានដល់ជាសហគមន៍យុវជនឡើង ដើម្បីការពិភាក្សាបញ្ហា ការផ្លាស់ប្ដូរគំនិតយោបល់ ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍រួម ដូចជា បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យេនឌ័រ … បង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលចំណេះដឹងដល់យុវជន បំផុសភាពក្លាហានដល់យុវជន ហើយបន្ទាប់ពីយុវជនរឹងមាំហើយនោះសកម្មភាពរបស់យុវជនកាន់តែខ្លាំងក្លាដែលជាកត្តាបំផុសរបស់សហគមន៍ និង ប្រទេសជាតិ ដើម្បីប្រទេសមាន លទ្ធិប្រជាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។
អំពីទស្សនៈវិស័យ ៖
ស្ថានភាពរបស់យុវជនកម្ពុជាក្នុងពេលបច្ចុប្បន្នគឺ មានភាពល្អប្រសើរយ៉ាងខ្លាំង ដោយសព្វថ្ងៃ យុវជនបានខិតខំរៀនសូត្របន្តការសិក្សារហូតដល់ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត ហើយពួកគេបានចូលរួមយ៉ាងខ្លាំងក្លានៅក្នុងសង្គមដូចជា ការចូលរួមទាំងអង្គការក្រៅរដ្ឋាភិបាល និង ក្នុងរដ្ឋាភិបាល ជួយផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និង លទ្ធិប្រជាធិបតេយ្យជាច្រើន ។ ប៉ុន្តែក៏មានយុវជនខ្លះពុំមានលទ្ធភាពបន្តការសិក្សាហើយខ្លះទៀតតែងបង្កបញ្ហាយ៉ាងច្រើនដល់សង្គមដូចជា ភ្លើតភ្លើន សប្បាយភ្លេចខ្លួន មិនខិតខំសិក្សាហើយបណ្ដោយខ្លួនទៅប្រើប្រាស់គ្រឿងញៀន បងតូចបងធំ ហើយឈានដល់ការឆក់ប្លន់ដែលបង្កនូវភាពអសន្តិសុខដល់សង្គម ។ ចំពោះបញ្ហានេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុសលើយុវជនដូចជា ពង្រឹងការអប់រំ ច្បាប់ ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់យុវជនទាំងផ្នែកឯកជន និង រដ្ឋ ហើយយុវជនខ្លួនឯងត្រូវចេះអភិវឌ្ឍន៍ខ្លួនឯង ខិតខំរៀនសូត្រ ស្គាល់ពីតម្លៃនៃចំណេះដឹង បណ្ដុះស្មារតីសមគ្គីជាតិ ស្រលាញ់ជាតិ ។