សប្តាហ៍ទី១ : សុភី និង មិនា ត្រលប់ទៅផ្ទះវិញ
នៅសប្តាហ៍ទី១ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ យុទ្ធនាការរៃអង្គាសបា្រក់” ចៅក្រមទាំងបីនាក់ ដែលមាន លោក ជា សំណាង ក. សេង ធារី និង លោក ម៉ាក សារ៉ាត មានវត្តមាននៅក្នុងការរៀបចំបែងចែកបេក្ខជនទាំងអស់ជា២ក្រុមដែលមានគ្នា៨នាក់ ។ ជាដំបូងបេក្ខជនទាំងអស់ចាប់ឆ្នោតដើម្បីរកប្រធានក្រុម ។ ក្រោយពេលរកបានប្រធានក្រុម ប្រធានក្រុមទាំង២រើសសមាជិកក្រុមខ្លួនម្តងម្នាក់ៗសំរាប់រៀបចំការប្រកួត ។
លោក ជា សំណាង ដាក់ឈ្មោះក្រុមដែលមាន ក. ព្រំ សុគន្ធារី ជាប្រធាន ថា ក្រុមហ្វូណន និង ក្រុមមួយទៀតដែលមានបុរសជាប្រធានគឺ លោក សួន ចំរើនភារៈ ថា ក្រុមចេនឡា ។ ក្រោយពីស្តាប់ការណែនាំរបស់ចៅក្រមទាំង៣រូប ក្រុមនីមួយៗទទួលថវិការ៥០ដុល្លារ ដើម្បីទុកចំណាយលើការរៀចចំ ។
បន្ទាប់ពីការបែងចែកក្រុម និងទទួលវិញ្ញាសារ ក្រុមទាំង២ក៏ចូលរួមក្នុងសិក្ខាសាលាខ្លីរយៈពេល២ម៉ោងស្តីពី “ ការរៃអង្គាសប្រាក់” ដែលសំរបសំរួលដោយលោក យ៉ុង គីមអេង ប្រធានមជ្ឈមណ្ឌល PDP ។ វគ្គសិក្ខាសាលាបានបញ្ចប់នៅមុនពេលថ្ងៃត្រង់ល្មម ។
ក្រោយអាហារថ្ងៃត្រង់ ក្រុមទាំង២ជួបប្រជុំនៅកន្លែងផ្សេងពីគ្នាដើម្បីរៀបចំផែនការសំរាប់ការរៃអង្គាសនៅថ្ងៃស្អែក (ថ្ងៃអង្គារ ទី២៣ ខែមករា) ។ ពេញរយៈពេលមួយល្ងាច បេក្ខជនទាំង១៦រូបខិតខំយ៉ាងណាតាមវិធីសាស្ត្ររបស់ខ្លួនដោយប្រើប្រាស់អ្វីៗដែលមានស្រាប់ដើម្បីអោយបានជោគជ័យនៅថ្ងៃស្អែក ។
ក្រុមចេនឡាបានរៀបចំគោលដៅចំនួន៦: សាកលវិទ្យាល័យអាស៊ាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រុមហ៊ុនថ្នាំជក់អាមេរិក ។
ក្រុមហ្វូណនបានរៀបចំគោលដៅចំនួនតែ២ប៉ុណ្ណោះ គឺ សាកលវិទ្យាល័យន័រតុន និងតាមផ្លូវកម្ពុជាក្រោម ។
ទាំងពីរក្រុមមានរយៈពេល១ម៉ោង និង៣០នាទីដើម្បីរៃអង្គាសប្រាក់ ។ ប្រាក់ដែលប្រមូលបានត្រូវបានរក្សាទុកជាសំងាត់មិនអោយក្រុមទាំង២ដឹងទេ រហូតដល់ចៅក្រមប្រកាសលទ្ធផល ។ ការប្រមូលប្រាក់បានបញ្ចប់នៅម៉ោង១២ ។
ក្រុមទាំង២ចូលជួបចៅក្រមទាំងបីនៅពេលរសៀលដើម្បីដឹងលទ្ធផល ។ បន្ទាប់ពីការសួរនាំខ្លះៗ ចៅក្រមក៏ប្រកាសលទ្ធផល: ក្រុមហ្វូណនដឹកនាំដោយ កញ្ញា ព្រំ សុគន្ធារី ប្រមូលបានទឹកប្រាក់ ៤២៥.២៥ដុល្លារ ចំនែកឯក្រុមចេនឡាដឹកនាំដោយលោក សួន ចំរើនភារៈ ប្រមូលបានទឹកប្រាក់ ៥៩៤.៧៥ដុល្លារ ។ ជាសរុបក្នុងរយៈពេល១ម៉ោង និង៣០នាទី ក្រុមទាំង២ប្រមូលបាន១០.០២០ដុល្លារ ។
ក្រុមចេនឡាឈ្នះក្នុងសបា្តហ៍ទី១ ។ ក្រុមចេនឡាទទួលបានរង្វាន់លើកទឹកចិត្ត ជាអាហារពេលល្ងាចជាមួយលោកជំទាវ អ៊ឹង កន្ឋាផវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។ បន្ទាប់មកក្រុមចេនឡាយកប្រាក់ដែលប្រមូលបានទាំងអស់ចំនួន១០.០២០ដុល្លារ ដើម្បីជូនដល់អង្គការគ្រួសារថ្មីសំរាប់ផ្គត់ផ្គង់ដល់កុមារកំព្រា និងអនាថា ។ សំរាប់ក្រុមឈ្នះ ប្រធានក្រុមគឺលោក សួន ចំរើនភារៈ នឹងទទួលបានការលើកលែងពីការបញ្ជូនត្រលប់ទៅផ្ទះវិញនៅសបា្តហ៍ក្រោយ ព្រោះលោកបានដឹកនាំក្រុមទទួលបានជ័យជំនះ។
ក្រុមហ្វូណនដែលប្រមូលបានថវិកាតិចជាងត្រូវជួបជាមួយចៅក្រមទាំងបី ដែលបេក្ខជន២រូបនឹងត្រូវអោយត្រលប់ទៅផ្ទះវិញ ។ ចៅក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ពិភាក្សាគ្នាដើម្បីរកមូលហេតុដែលធ្វើអោយចាញ់ក្រុមចេនឡា ។
លោក ជា សំណាង អនុញ្ញាតអោយក្រុមហ្វូណនចេញក្រៅសិន ដើម្បីបោះឆ្នោតរើសបេក្ខជនចំនួន៤រូបដែលមានសំលេងអវិជ្ជមានច្រើនជាងគេ ដើម្បីជួបជាមួយចៅក្រម ។ សុភី មិនា វណ្ណយ៉ា និង សុវត្ថា ទទួលបានសំលេងអវិជ្ជមានច្រើនជាងគេ ។ នៅក្នុងបន្ទប់សារភាព (ដែលមិនមានអ្នកណាម្នាក់ស្តាប់លឺ) បេក្ខជនទាំង៤បាននិយាយពីចំនុចខ្លាំង និងខ្សោយរបស់ខ្លួន និងសារភាពថាតើបេក្ខជន២រូបណាដែលគេចង់អោយត្រលប់ទៅផ្ទះវិញក្នុងចំណោមពួកគេទាំងបួនដែលទទួលសំលេងអវិជ្ជមានច្រើន ។
ទាំង៤រូបចូលជួបចៅក្រមជាលើកចុងក្រោយ ។ មានការប្រកែកតវ៉ាយ៉ាងស្វិតស្វាញដើម្បីបង្ហាញអោយចៅក្រមទុកឱកាសអោយខ្លួនម្តងទៀត ។
នៅទីបញ្ចប់ចៅក្រម ជា សំណាង ប្រាប់ដល់ សុភី និងមិនា អោយត្រលប់ទៅផ្ទះវិញចុះ ៕