សបា្តហ៍ទី១​

ខែមករា 27, 2007

សប្តាហ៍ទី១ : សុភី​ និង​ មិនា​ ត្រលប់​ទៅ​ផ្ទះ​វិញសុភី

នៅក្នុងសបា្តហ៍ទីមួយ ​ លោក ជា សំណាង​ បានប្រគល់កិច្ចការសំខាន់មួយ​​គឺ​ ការ​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​កុមារ​កំ​ព្រា​នៅ​អង្គការ​គ្រួ​សារថ្មី ​​ដល់​បេក្ខជនទាំង​១៦​រូប​ ។

ចៅក្រម​ ទាំងបីនាក់​ ដែលមាន លោក​ ជា​ សំណាង​ ក.​ សេង​ ធារី ​និង​ លោក​ ម៉ាក​ សារ៉ាត មានវត្តមាន​នៅ​ក្នុង​ការ​រៀប​ចំ​បែង​ចែក​បេក្ខជន​ទាំង​អស់​ជា​២​ក្រុម​ដែល​ មាន​គ្នា​៨​នាក់​ ។​ ជា​ដំ​បូង​បេក្ខ​ជន​ទាំង​អស់​ចាប់​ឆ្នោត​ដើម្បី​រក​ប្រ​ធាន​ក្រុម​ ។​ ក្រោយ​ពេល​រក​បាន​ប្រ​ធាន​ក្រុម​ ប្រ​ធាន​ក្រុម​ទាំង​២​រើស​សមាជិក​ក្រុម​ខ្លួន​ម្តង​ម្នាក់ៗ​​សំ​រាប់រៀប​ចំ​ ការ​ប្រ​កួត​ ។

មិនាលោក​ ជា សំណាង​ ដាក់​ឈ្មោះ​ក្រុម​ដែល​មាន​ ក.​ ព្រំ​ សុគន្ធារី​ ជា​ប្រ​ធាន​ ថា ក្រុម​ហ្វូណន​ និង​ ក្រុម​មួយ​ទៀត​ដែល​មាន​បុរស​ជា​ប្រ​ធានគឺ​ លោក​ សួន​​ ចំ​រើន​ភា​រៈ ថា​ ក្រុម​ចេន​ឡា ។ ​ក្រោយ​ពី​ស្តាប់​ការ​ណែនាំ​របស់​ចៅ​ក្រម​ទាំង​៣រូប​ ក្រុម​នី​មួយៗទទួល​ថវិការ​៥០​ដុល្លារ​ ដើម្បី​ទុក​ចំ​ណាយ​លើ​ការ​រៀច​ចំ​ ។

បន្ទាប់​ពីការ ​បែង​ចែក​ក្រុម​ និង​ទទួល​វិញ្ញាសារ​ ក្រុម​ទាំង​២ក៏​ចូល​រួម​ក្នុង​សិក្ខា​សាលា​ខ្លី​រយៈ​ពេល​២​ម៉ោង​ស្តី​ពី “ការ​រៃ​អង្គាស​ប្រាក់​” ដែល​សំ​រ​ប​​សំ​​រួល​​ដោយ​​…

អានត…

Advertisements

ហ៊ុល​ ស្រី​នាង​

ខែមករា 27, 2007

ស្រីនាងស្រី​នាង​មាន​អាយុ​ ២០​ឆ្នាំ​ មាន​ស្រុក​កំនើត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ សព្វថ្ងៃ​ជា​និស្សិត​ឆ្នាំទី​១​នៅ​សា​កល​វិ​ទ្យា​ល័យ​បៀល​ប្រាយ​ ។

មតិរបស់ស្រីនាង
អំពីការចូលរួមក្នុងកម្មវិធីយុវជនឆ្នីម៖
កត្តាដែលជំរុញ​ទឹក​ចិត្តនាងចូលរួមការប្រកួតប្រជែង​នេះ ដោយ​កត្តា​ទីមួយ គឺ​ដោយសារតែ​កម្មវិធី​នេះ​ល្អណាស់ ព្រោះ​ការ​ប្រកួតប្រជែង​លើ​សមត្ថភាព​មេដឹកនាំ​ទើបតែ​មាន ហើយ​វា​មាន​សារសំខាន់​សម្រាប់​ប្រទេស​នីមួយៗ ការប្រកួតប្រជែង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ជ្រើស​បាន​មេដឹកនាំ​ដែលមាន​សមត្ថភាព​ពិត ហើយ​ពេលណា​មាន​មេដឹកនាំ​ដែលមាន​សមត្ថភាព​ពិត​នោះ សង្គម​ពិតជាមាន​ការ​អភិវឌ្ឍន៍​ទៅមុខ​រហូត ។
កត្តា​ទីពីរ គឺ​ចង់ដឹង​ពី​សមត្ថភាព​ផ្ទាល់ខ្លួន ថាតើ​ខ្ញុំ​មាន​សមត្ថភាព​ដឹកនាំ​គេ​បានដែរ​ឬ​អត់ ព្រោះ​ខ្ញុំ​មានគោលបំណង​ចង់​បើកក្លឹប​មួយ ។
កត្តា​ទីបី គឺ​ជា​បទពិសោធន៍ និង ការ​បង្កើនចំណេះដឹង ព្រោះ​ខ្ញុំ​យល់ថា ប្រសិនជា​ខ្ញុំ​ចូលរួម​ប្រកួត ខ្ញុំ​ច្បាស់ជា​ទទួលបាន​បទពិសោធន៍ ទោះបីជា​ខ្ញុំ​ធ្លាក់ ឬ ជាប់​ក៏ដោយ​គ្រាន់តែ​ថា បទពិសោធន៍​នោះ​វាតិច ឬ ច្រើន​តែប៉ុណ្ណោះ ចំពោះ​បទពិសោធន៍ ខ្ញុំធ្លាប់​មានខ្លះ​មកហើយ ទើបខ្ញុំ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ ព្រោះ​ខ្ញុំ​អាច​ដឹងខ្លះៗ​ពី​មេដឹកនាំ វាពិតជា​មានការ​លំបាក​ណាស់ ព្រោះ​វា​ទាមទារ​ភាពអំណត់ និង ពេលវេលា​ច្រើន ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
មេដឹកនាំ​សំដៅ​ទៅលើ​មនុស្ស​ដែល​ប្រកបដោយ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ទាំង​ចំណេះវិជ្ជា ទាំង​ចរិយាសម្បត្តិ អាច​គ្រប់គ្រង និង ដឹកនាំ​កិច្ចការ​អ្វីមួយ​បាន​ហើយ​ជាទូទៅ​មិនថា​នៅ​ក្នុងគ្រួសារ សហគមន៍ ក៏ដូចជា​នៅ​ក្នុង​ប្រទេសជាតិ​ចាំបាច់​ត្រូវការ​អ្នកដឹកនាំ​ដែល​ប្រកប​ទៅដោយ​សមត្ថភាព ចំណេះដឹង បទពិសោធន៍ និង មាន​សីលធម៌​ថ្លៃថ្នូរ ដូចនេះ​ដើម្បី​ឲ្យ​ក្លាយជា​មេដឹកនាំ​ល្អម្នាក់​គួរតែ​មាន​គុណសម្បត្តិ​ដូចជា ៖
– ចេះ​ដឹកនាំ និង គ្រប់គ្រង​ប្រកបដោយ​បទពិសោធន៍
– គោរពច្បាប់​រដ្ឋធម្មនុញ្ញ
– ស្គាល់បញ្ហា និង សេចក្ដីត្រូវការ​របស់​សង្គម សហគមន៍ សមាគមន៍ អង្គការ និង នៅតាម​អង្គការ​ផ្សេងៗទៀត ។
អំពី​បទពិសោធន៍ ៖
– ធ្លាប់ធ្វើ​ជា​មេដឹកនាំ​នៅ​មជ្ឈមណ្ឌល​កុំព្យូទ័រ​បាក់ទូក
– ធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន Mike Allan International Corporate Consultants pte ដែល​ការដឹកនាំ​នោះ​មាន​ការលំបាក​ខ្លះ ព្រោះ​ខ្ញុំ​ត្រូវប្រើពេល​ច្រើន​ដូចជា ដំបូង​ហៅ​ពួកគេ​មកជួបជុំ​គ្នា​ហើយ​ផ្ដល់​ព័ត៌មាន​ជូនពួកគេ​ព្រមទាំង​រៀបចំ និង មើលឯកសារ​របស់​ពួកគេ​ថាតើ​គេ​មានគ្រប់ ឬ អត់ បន្ទាប់មក​ត្រូវនាំ​ចុះ Outside ដោយ​ត្រូវ​បែងចែក និង កំនត់​ម៉ោង ហើយ​សង្កេតមើល​សកម្មភាព​នៃ​ការ​ផ្ដល់ព័ត៌មាន​របស់​ពួកគេ ហើយ​ខ្ញុំតែងតែ​ធ្វើតេស្ត​ពី​សកម្មភាព​នៃការ​ផ្ដល់ព័ត៌មាន បើមាន​ខ្វះខាត​ខ្ញុំ​ត្រូវ​ផ្ដល់ព័ត៌មាន​បន្ថែម និង សង្កេតមើល​ពីភាព​លំបាក​របស់​ពួកគេ ហើយ​បាន​ស្រាវជ្រាវ​ស្វែងរក​កន្លែង​ដែលល្អ​សម្រាប់​ពួកគេ​ចុះ Outside ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ការ​ដែល​នាងខ្ញុំ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ នាងខ្ញុំ​មាន​សេចក្ដីសង្ឃឹម​តិចណាស់​ក្នុងការ​ទទួលបាន​ជោគជ័យ ទោះបី​ខ្ញុំ​ធ្លាប់មាន​បទពិសោធន៍​ប្រហែលជា ៦០% ក៏ដោយ ក៏​ខ្ញុំ​យល់ថា​បទពិសោធន៍​នេះ​តិចតួចណាស់ ហើយ​ខ្ញុំតែងតែ​សួរ​អ្នក​ដែលមាន​បទពិសោធន៍​ច្រើនជាង​ខ្ញុំ​ជានិច្ច ប៉ុន្តែ​ប្រសិនបើ​នាងខ្ញុំ​ទទួលបាន​ជ័យលាភី​សម្រាប់​ការ​ប្រកួតប្រជែង​នេះ ខ្ញុំ​ពិតជាមាន​មោទនភាព​ចំពោះ​ខ្លួនឯង​ខ្លាំងណាស់​ព្រោះការ​ទទួលបាន​ជ័យលាភី​នេះ​ជា​បទពិសោធន៍​សំខាន់ និង មាន​សារសំខាន់​បំផុត ហើយ​ចំពោះ​គំរោងដែល​នាងខ្ញុំ​មានបំណង​គឺ ចង់បង្កើត​នូវក្លឹប​ដែល​ក្នុងនោះ​ផ្ដោតទៅលើ​កុមារ និង យុវជន ព្រោះ​បច្ចុប្បន្ន​បញ្ហា​កើតមាន​ចំពោះ​កុមារ​មាន​មួយចំនួន ជាពិសេស គឺ កុមារ​ដែល​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក និង ភាព​អនាថា ជា​កត្តា​ដែល​នាំឲ្យ​ខ្វះ​ចំណេះដឹង ហើយ​បញ្ហា​ខ្វះ​ចំណេះដឹង​នេះ វា​មាន​ផលអាក្រក់​ច្រើនណាស់ ហើយ​ចំពោះ​យុវជន​វិញ ក៏ដូចគ្នាដែរ ព្រោះ​ពួកគេ​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ ។
អំពី​ទស្សនៈវិស័យ ៖
ស្ថានភាព​របស់​យុវជន​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​នេះ​មាន​មួយភាគធំ​មានការ​រីកចំរើន​ទាំងចំណេះដឹង និង សមត្ថភាព ព្រោះ​នៅក្នុង​ប្រទេសកម្ពុជា​យើង​មានការ​បង្កើតនូវ​អង្គការ សមាគមន៍ ក្រុម ឬ ក្លឹប​ដោយ​ក្នុងនោះ​ដឹកនាំ​ដោយ​កុមារ និង យុវជន​ផ្ទាល់តែម្ដង ។ ខ្ញុំយល់ថា​ស្ថានភាព​យុវជន​មាន​ភាព​ល្អប្រសើរ​ហើយ នៅតែ​មួយភាគតូច​ប៉ុណ្ណោះ ដូចនេះ​យើង​គួរតែ​នាំគ្នា​ជួយពន្យល់ ផ្សព្វផ្សាយ​មិនថា​តាម​មធ្យោបាយ​ណាក៏ដោយ​ឲ្យតែ​ស្របច្បាប់​ដើម្បី​ឲ្យ​យុវជន​ទាំងនោះ​យល់ដឹង​ពី​តម្លៃ​របស់​ខ្លួន ដោយ​ភាពប្រឹងប្រែង​ចេះជួយ​ខ្លួនឯង​ដើម្បី​ជួយ​ឲ្យ​គ្រួសារ​មាន​ភាពថ្លៃថ្នូរ និង សង្គម​មានការ​រីកចំរើន ឲ្យ​ពួកគេ​ដឹងពី​តួនាទី និង ការ​ទទួលខុសត្រូវ​ក្នុងការ​ចូលរួម​សហការ​គ្នា​អនុវត្ត​ការងារ​ឲ្យ​បាន​សម្រេច​ដល់​ទិសដៅ​ដែលបាន​គ្រោងទុក​ប្រកបដោយ​ប្រសិទ្ធភាព និង តម្លាភាព ។


កូវ​ គារ៉ា

ខែមករា 27, 2007

គារ៉ាគារ៉ា​មាន​អាយុ​ ២៤​ឆ្នាំ​ មាន​ស្រុក​កំនើត​នៅខេត្ត​កំពត​ សព្វ​ថ្ងៃ​ជានិស្សិត​ឆ្នាំ​ទី​៤​នៅ​សាកល​វិ​ទ្យា​ល័យ​នី​តិ​សាស្ត្រ​​ និង​វិ​ទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
– ចង់បង្ហាញ​នូវសមត្ថភាព​នៃ​ភាពជា​អ្នកដឹកនាំ​ឲ្យ​យុវជន​ក៏ដូចជា​សង្គមកម្ពុជា​ទាំងមូល​បាន​ដឹង និង ទទួលស្គាល់​នូវសមត្ថភាព​ដែលមាន
– ចូលរួម​ចំណែក​ក្នុងការ​បង្ហាញនូវ​ភាពគំរូ​នៃ​អ្នកដឹកនាំ​ដល់​អ្នកដឹកនាំ​ផ្សេងៗ
– ចែករំលែក និង ស្វែងរក​បទពិសោធន៍​នៃ​ភាព​ជាអ្នកដឹកនាំ​ដល់​យុវជនខ្មែរ​ដទៃទៀត
– វាស់ស្ទង់​នូវ​សមត្ថភាព​ដែល​ខ្លួនមាន​ទៅនឹង​យុវជន​ដទៃទៀត​ក៏ដូចជា​អ្នកដឹកនាំ​មួយចំនួន​ផងដែរ
– ចង់ដឹង​នូវ​របៀបរបប ឬ ក៏​និតិវិធី​នៃការ​ជ្រើសរើស​យុវជនឆ្នើម
– ដើម្បី​ចូលរួម​បង្ហាញ​នូវភាព​ជាគំរូ​ដល់​យុវជនឲ្យ​យល់ពី​តម្លៃ​នៃ​យុវជនឆ្នើម និង ជំរុញ​ឲ្យ​យុវជន​បានយល់ និង ចូលរួម​ប្រកួតប្រជែង និង បង្ហាញពី​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​ជ្រើសរើស​យុវជនឆ្នើម
– ដើម្បី​ចូលរួម​ក្នុងការ​លើកទឹកចិត្ត​ដល់​ក្រុមប្រឹក្សា​យុវជនកម្ពុជា ជាពិសេស​គណកម្មការ​រៀបចំ​កម្មវិធី​ជ្រើសរើស​យុវជនឆ្នើម ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
– មាន​កាយសម្បទា​គ្រប់បរិបូរណ៍ និង កំលាំងមាំមួយ សុខភាព​ល្អ
– ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ស្គាល់បញ្ហា និង តម្រូវការ​របស់​សង្គម​ដែល​ខ្លួន​គ្រប់គ្រង
– ជា​មនុស្ស​ទៀងត្រង់ និង ចេះ​បត់បែន​តាម​កាលៈទេសៈ
– ជា​មនុស្ស​មានការ​តស៊ូ អំណត់ព្យាយាម ភាពក្លាហាន និង ឆ្លងកាត់​បទពិសោធន៍​ច្រើន
– ជា​មនុស្ស​មានតម្លាភាព និង សុច្ចរិតភាព​ក្នុងខ្លួន មិន​កេងប្រវ័ញ្ច មិនគិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន
– ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិតខ្ពស់ និង មើលឃើញ​ពី​ភាពវែងឆ្ងាយ
– មាន​ភាពចាស់ទុំ​ក្នុងការ​ដឹកនាំ និង ចេះដឹង​ពី​ច្បាប់ទម្លាប់​សង្គម​ជ្រៅជ្រះ
– ជា​មនុស្ស​ដែល​មានការ​សន្ដោស​ដោយ​បច្ច័យ ៤ និង ព្រហ្មវិហារធម៌​ក្នុងខ្លួន
– ជា​មនុស្ស​ដែល​ចេះ​ឃុំគ្រង​អារម្មណ៍​ក្នុងខ្លួន និង ស្ថានការណ៍​នានា ។
អំពី​បទពិសោធន៍ ៖
– ធ្វើជា​អ្នក​សម្របសម្រួល​សិក្ខាសាលា​ស្ដីពី គ្រឿងញៀន និង សុខភាព​របស់​យុវជន
– តួនាទី​ជា​មិត្តអប់រំមិត្ត​នៅក្នុង​សហគមន៍
– ដឹកនាំ​យុវជន​ចុះបង្រៀន​ពីបញ្ហា​សុខភាព និង បរិស្ថាន
– ដឹកនាំ​ក្រុម​ចុះផ្សព្វផ្សាយ និង ចែក​ខិតប័ណ្ណ​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ
– ដឹកនាំ​យុវជន​ចូលរួម​សិក្ខាសាលា​ស្ដីពី គុណភាព​អប់រំ​នៅ​ឧត្ដមសិក្សា
– ដឹកនាំ​ក្រុម​រៀបចំ​សន្តិសុខ និង សណ្ដាប់ធ្នាប់​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ១២ ធ្នូ
– ដឹកនាំ​ក្រុមយុវជន​ចុះសុំ​ហត្ថលេខា និង ការ​គាំទ្រ​ញ្ញត្តិផ្សេងៗ
– ដឹកនាំ​ក្រុមនិស្សិត​ចុះសិក្សា និង ស្រាវជ្រាវ​ឯកសារ​នៅ​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍ​អាស៊ី និង ក្រសួងពាណិជ្ជកម្ម ព្រមទាំង​នាយកដ្ឋាន​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ខ្ញុំនឹង​បន្ត​ធ្វើ​នូវសកម្មភាព​កន្លងមកនេះ ក្នុងនាម​ខ្ញុំ​ជា​និស្សិត និង ជា​យុវជន​មួយរូប​ក្នុងសង្គម ជួយលើក​ទឹកចិត្ត និង ជំរុញ​ឲ្យ​យុវជនកម្ពុជា​គ្រប់រូប​បាន​ចូលរួម​នូវសកម្មភាព​របស់​សង្គម និង ការ​សម្រេចចិត្ត​ផ្សេងៗ​របស់​រដ្ឋាភិបាល​តាមរយះ​ជាសារ ឬ ជា​សម្លេង​ផ្ទាល់​របស់​យុវជន ហើយ​នឹង​រៀបចំ​សមាជ​យុវជន​ថ្នាក់ជាតិ​មួយ ដែល​មាន​ការ​ចូលរួម​ពីសំណាក់​យុវជនជាតិ និង អន្តរជាតិ ហើយ​នឹង​អញ្ជើញ​អ្នកតំណាង​សំខាន់ៗ ដែល​ទាក់ទង​នឹង​កម្មវិធី​យុវជន​ឲ្យ​មក​ចូលរួម​ដូចជា តំណាង​រដ្ឋាភិបាល​កម្ពុជា ព្រឹទ្ធសភា រដ្ឋសភា អង្គការ​សង្គមស៊ីវិល​នានា ប្រចាំ​នៅកម្ពុជា ពិសេស​តំណាង​អង្គការ​សហប្រជាជាតិ​ដែល​ទាក់ទង​យុវជន ដើម្បី​ឲ្យ​យុវជន​សម្ដែង​នូវការ​បារម្មណ៍ កង្វល់ ការលំបាក និង បញ្ហា​នានា​ដែល​យុវជន​កំពុង​ជួបប្រទះ​នៅពេល​បច្ចុប្បន្ន​ទៅ​រដ្ឋាភិបាល និង តំណាង​សង្គមស៊ីវិល និង អង្គការ​សហប្រជាជាតិ​ឲ្យ​គេ​បាន​យល់ពី​ស្ថានភាព​ពិត​របស់​យុវជន​កម្ពុជា ពិសេស​ធ្វើការ​ដោះស្រាយ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង តម្លាភាព​ឲ្យ​យុវជន ។
អំពី​ទស្សនៈវិស័យ ៖
ស្ថានភាព​យុវជន​កម្ពុជា​បច្ចុប្បន្ន កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​ដោយ​ធ្វើការ​ពិនិត្យ​ជារួម អំពី​យុវជន​ដែល​ស្ថិតនៅ​តំបន់​ជនបទ និង ខេត្តឆ្ងាយៗ កំរិត​ចំណេះដឹង​នៅទាប​នៅឡើយ ពួកគេ​ពុំមាន​លទ្ធភាព​ធ្វើការងារ ឬ ប្រកប​អាជីវកម្ម​ខ្លួនឯង​បាន​ទេ ដោយសារ​តែ​អសមត្ថភាព កង្វះ​សាលារៀន កង្វះ​អាហារ​រូបត្ថម្ភ និង ស្ថានភាព​ក្រីក្រ​នៃ​ប្រទេសកម្ពុជា​បច្ចុប្បន្ន ហើយ​សម្រាប់​យុវជន​នៅ​ទីក្រុង និង និស្សិត​ដែល​សិក្សា​នៅតាម​សកលវិទ្យាល័យ​ផ្សេងៗ​វិញ មាន​មួយចំនួន​កំពុងតែ​ធ្លាក់ចូល​ក្នុង​ផ្លូវ​មួយ​ដែល​សង្គម​ស្អប់ខ្ពើម និង មិនទទួលស្គាល់ និង ការ​ធ្លាក់ចុះ​នៃ​សីលធម៌​របស់​យុវជន ។
ដើម្បី​ធ្វើឲ្យ​យុវជន​ប្រសើរឡើង គឺ​ត្រូវ​កាត់បន្ថយ​ភាពក្រីក្រ ឲ្យ​យុវជន​បាន​ចូលសិក្សា​ដើម្បី​ឲ្យ​យុវជន​ទទួល​ចំណេះដឹង​ដែល​ជាតិ​ត្រូវការ​ជា​ចាំបាច់ និង ធ្វើការ​អប់រំ និង ផ្សព្វផ្សាយ​ពី​គ្រឿងញៀន អេដស៍ និង សុខភាព​បន្តពូជ ឲ្យ​បាន​ទូលំទូលាយ​ដល់​យុវជន​នៅតាម​មូលដ្ឋាន​ដែល​គេ​កំពុង​រស់នៅ ។


ព្រំ សុគន្ធារី

ខែមករា 27, 2007

សុគន្ធារីសុគន្ធារី​ មាន​អាយុ​ ២៣ឆ្នាំ​ មាន​ស្រុក​​កំនើត​នៅ​ទីក្រុង​ភ្នំពេញ​ សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំទី​៣​នៃ​សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទ​នី​តិ​សាស្រ្ត​ និង​វិទ្យាសា​ស្ត្រ​សេដ្ឋកិច្ច​ ។

មតិរបស់កញ្ញា ព្រំ សុគន្ធារី​

យុវជន គឺជាវ័យ កំពុង សាកល្បង​ចង់ចេះ​ចង់ដឹង​និង​ចង់ឈ្នះចាញ់ ដើម្បី ប្រកួត ប្រជែង​កសាងស្នាដៃ​សំរាប់ខ្លួនឯង ការប្រកួតប្រជែងនេះ​ដើម្បីកសាង និង ពង្រឹង សមត្ថភាព នៃភាព ក្លាហាន អោយកាន់ តែខ្លាំង​ មានន័យថា​កំពុងតែជំរុញ​ឆន្ទះ របស់ខ្លួន ដើម្បី ចូល ប្រឡូក សកម្មភាព នយោបាយ យុវជន​ឈានទៅរក ភាពជា អ្នកដឹក នាំវ័យក្មេង​ និង​ បញ្ញាស្មារតី​ កាយសម្បទា រឹងមាំ។ យុវជន​តែងតែ​មាន​មោទនភាព​​និង ភាព ជឿជាក់ ចំពោះ​ខ្លួនឯង​ពិសេស គឺ​នាងខ្ញុំ ផ្ទាល់ គឺ ផ្តល់ឳកាស និង​តំលៃ នែទេពកោសល្យ ពីធម្មជាតិ ផ្ទាល់ខ្លួន គឺ មានសមត្ថភាព​និង​ធ្លាប់ មានបទពិសោធន៍​ផង។​ ដើម្បី វាស់ស្ទង់ កំរិត និង ធ្វើការវាស់ តំលៃចំពោះខ្លួនឯង តើមានសមត្ថភាពប៉ុណ្ណា។​ ខ្លួនយើង​និង​ចេះ​បត់​បែន​រក​គន្លឹះ​ដោះ​ស្រាយ​បញ្ហាដែលកំពុង​ជួបនឹង​មុខ​។​ ខ្ញុំយល់ថាប្រធាន​បទនេះពិត​ជា​មាន​សារ​សំខាន់​ណាស់​សំរាប់​យុវជន​បច្ចុប្បន្ន​​និង​អនាគត​​វាដើរតួ​នាទីមុខគេក្នុង​ការដឹក​នាំ​ប្រទេសទាំង​មូល​ជាល់ស្ដែង​យុវជន​និង​ការ​បោះឆ្នោត​។ ប្រទេសជាតិ​រឹងមាំទៅ​បាន​អាស្រ័យ​យុវជន​មាន​សីលធម៌​និង​សុជីវធម៌ខ្ពស់និង​ចំនេះដឹង​ខ្ពស់ ។

ស្តីពីភាពជាអ្នកដឹកនាំ៖
ភាព ជា អ្នក ដឹកនាំ
ជាមនុស្ស មាន អំណោយ ទានល្អ។
ស្គាល់ខ្លួនឯង ច្បាស់ និង អ្នកដទៃ ខន្តីខ្ពស់ ។
សំដី ម៉ឺងម៉ាត់ និង​​ពីរោះ ។
បំពេញ​ប្រយោជន៍​​រួមសម្រាប់​​ការងារ ។
មាន​​ចំនេះដឹង​ចំនេះធ្វើ​​សមត្ថភាព ។
ចេះដកស្រង់​​បទពិសោធន៍​ល្អប្រមូលនិង​វិភាគពត៌មាន​គ្រប់ជ្រុងជ្រោយ ។
អ្នកដឹកនាំ​ត្រូវ​ជាមនុស្ស​មានចិត្ត​ទូលាយ ។
អ្នក​ត្រូវចេះ​បន្ទាប​ខ្លួន។
មូលហេតុ​ចំបង​ដែលនាំ​អោយ​អ្នកដឹកនាំ​ជានិច្ចកាល​ផ្សារ​ភ្ជាប់រវាង​​”​ការ​សប្បាយរីករាយ​និង​គំនិត​គិតគូរ​ត្រិះរិះ​”។
បើកចិត្ត​ហ៊ាន​ទទួលយកការពិត​ពិសេសក្លាហានហ៊ាន​ទទួលការ​ទិះទៀន​ដើម្បី​ស្ថាបនា។
មានបញ្ញា្​ស្មារតី​​និងកាយ​សម្បទា​រឹងមាំ។
ត្រូវមាន​គុណសម្បត្តិ​និង​សីលធម៌​សុជីវធម៌​យ៉ាងប្រសើរ។

បទពិសោធន៍ផ្ទាល់ខ្លួន៖
ធ្វើប្រធាន​​តាំង​ពីថ្នាក់​បឋម​រហូត​ដល់មហាវិទ្យាល័យ​(បច្ចុប្បន្ន)ហើយឈាន​ទៅដល់​ប្រធានវគ្គជំនាន់ទី១៦​នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល​ផែនការ​ស្ថិតិ(PSTC)។
ធ្លាប់ដឹកនាំ​ក្រុមនិសិ្សត​និង​យុវជន​ធ្វើដំនើរ​ទស្សនៈទៅ​រមណីដ្ឋាន​ចំបក់​និងកម្មសិក្សា។
ជាអ្នកសំរបសំរួល​កម្មវិធី​សិក្ខាសាលា​និង​វេទិការផ្សេងៗ​ពាក់ព័ន្ធយុវជន​និងសរសេររបាយការណ៍។
រកសំលេង​ញាតិ្តស្ដីពី”ការសុំដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស”​បានចំនួន២០០សំលេង​ក្នុងមួយថ្ងៃ។
ជាប្រធាន​ក្រុមយុវជន​ស្ម័គ្រនៅ​(YRDP)ដឹកនាំ​កម្មវិធី​រៃអង្គាសថវិការ​មនុស្សធម៌​សំរាប់ទ្រទ្រង់​ក្មេងកំព្រា​និង​ថែរក្សា​អ្នកជំងឺអេដស៍​ចំនួន​ពីរលាននាក់។
ជាអ្នកដឹកនាំ​យុវជន​តាម​ក្រុមក្លឹប​នីមួយៗ​ដើម្បី​ចងជា ប្រព័ន្ធ​ជាបណ្ដាញយុវជន​ប្រចាំសមាគមន៍​នៅតាមខេត្ត ​កណ្ដាលកំពង់ចាម តាកែវ និង កំពង់ឆ្នាំង ភ្នំពេញ។
ជាអ្នក​សង្កេតការណ៍​នៅរដ្ឋសភាជាតិ​នៃអង្គការ​YYC ។
ធ្លាប់ចូលវគ្គ​បណ្ដុះបណ្ដាល​ច្រើនណាស់​និង​សកម្មភាព ​ធំៗ​​ជាមួយ​NGOsនិង​សន្និសិទថ្នាក់ជាតិ។

ប្រសិនបើជាប់ជាយុវជនឆ្នើម៖
បន្តសិក្សា​អោយកាន់តែខ្ពង់ខ្ពស់​ពីព្រោះ​​​ដើម្បីពង្រឹង​​សមត្ថភាពបន្ថែមទៀត ។
បើមានឱកាស​​គួរតែរៀបចំ​កម្មវិធី​សន្និសិទ​យុវជន​ឆ្នើមវេទិកា​ពិគាក្សាផ្លាស់ប្ដូរ​បទពិសោធន៍​រវាងយុវជនក្រៅស្រុក​និង​ក្នុងស្រុក។
ចងក្រង​បណ្ដាញយុវជន​ថែមទៀត​និងតែង​អត្ថបទពាក់ព័ន្ធ​នឹងស្្នារដៃ​បញ្ចូលក​តាមវេបសាយ ផ្សេងៗ​ទូទាំង​ប្រទេស។
បំផុសនិងជំរុញ​លើកទឹកចិត្ត​អោយបណ្ដាញយុវជន​ចូលរួម​អោយបានច្រើន​ជាងមុន​ជា​ពិសេស​បណ្ដុះ​គំនិត​អោយ​យុវជន​មានឆន្ទៈ​យ៉ាងមុតម៉ាំចំពោះ​ខ្លួនឯង​និង​សង្គមបង្កើន​កំលាំង​ចិត្ត​និង​ភាព​ជឿ​ជាក់។
ពង្រឹង​ប្រព័ន្ធផ្សព្វផ្សាយ​ពត៌មាន​ពាក់ព័ន្ធ​និងសកម្មភាព​យុវជន​ក្នុងស្រុក​និង​ក្រៅស្រុក​អោយកាន់តែទំនាក់ទំនង​ល្អយ៉ាង​ស្អិតរមួ​តឡើង។
ណែនាំ​ក្រុមយុវជន​ដទៃទៀត​អោយស្គាល់​ពីតំលៃនៃការចូលរួម​ទាំងអស់វាពិតជាសំខាន់​ណាស់និង​បង្កើន​ទំនាក់​ទំនង​និង​ចំនេះ​ដឹង​ថ្មីៗ​។
រក្សាកិត្តិយស​និង​ស្នាដៃ​យុវជនវ័យក្មេង​ដ៏ឆ្នើម​សំរាប់ខ្លួនឯង​គ្រួសារនិង​សង្គមជាតិទៀត។

ស្ថានភាព​យុវជន​នៅកម្ពុជាសព្វថ្ងៃនេះ​នៅមានកំរឹតនៅឡើយ​ទាំងការចូលរួមវគ្គ​និងសកម្មភាពប្រជុំផ្សេងៗ​ទៀតមិន​សូវពេញទំហឹងទេ​។​យុវជនមាន​គំនៀបមួយ​គឺជំងឺធ្លាក់ទឹកចិត្ត​និងបាក់ស្បាតផ្នែកផ្លូវចិត្ត​និងអារម្មណ៍​។​ពីព្រោះ​ខ្ញុំយល់​ឃើញថា​សកម្មភាព​ដង្ហែក្បួន(យុទ្ធនាការ)មាន​ចំនួនតិចតួច​និង​ការកំនត់​យកចូលរួម​ការប្រជុស៊ុំតវ៉ា​ជាមួយអាជ្ញាធរ​និងអ្នកមានអំនាច​គឺមិនហ៊ានទេ​មិនហ៊ានតស៊ូមតិទេ​។បញ្ហាទស្សនៈកិច្ច​កម្មសិក្សា​ព្រំដែន​និង​បញ្ហាព្រៃឈើ​មានការភ័យក្លាចណាស់​មិនហ៊ានចូលរួម​យ៉ាងកុះករទេ​។បន្ដែបើ​មានកម្មវិធី​វគ្គសុខភាព​បញ្ហាគ្រឿងញៀន​និង​វគ្គ​ទូទៅ​មាន​ការចូលរួម​ច្រើនណាស់។
ទាំងនោះ​ហើយធ្វើអោយ​ក្រុមយុវជន​មានគំលាតរវាងយុវជន​និង​រដ្ឋាភិបាលណាស់​។ថ្នាក់ដឹកនាំ​ច្រើនតែគំរាមគំហែង​ពួកគេមិន​អោយបង្កចលាច័ល​សង្គមទេទាំងការជួបប្រជុំ​។គួរតែរដ្ឍាភិបាល​យកចិត្តទុក​ដាក់អោយ​ខ្លាំង​ដូចជា​NGOsមួយចំនួនធំ​បានបំពេញកាតព្វកិច្ច​ល្អណាស់​ច្រើនជាង​រដ្ឋាភិបាល​ទៅទៀត​ជាក់ស្ដែង​YYC​មានកន្លែង​ធ្វើការស្ម័គ្រចិត្ត​សំរប់និស្សិត វគ្គបណ្ដុះ​បណ្ដាល វេទិកា​យុវជន​តាមវិទ្យុ ការ​ចូលរួម​ប្រជុំជា​អាជ្ញាធរ។


សួន​​ ចំរើន​ភារៈ

ខែមករា 27, 2007

ភារៈភារៈ​មាន​អាយុ​២២​ឆ្នាំ​ មាន​ស្រុក​កំនើត​នៅ​ក្នុង​ខេត្ត​ពោ​ធិ៍សាត់​ សព្វ​ថ្ងៃ​ជា​និស្សិត​នៅ​សា​កល​វិ​ទ្យា​ល័យ​អា​ស៊ាន​​​​ឆ្នាំ​ទី​៣ ។
មតិរបស់សួនចំរើនភារៈ ៖
កត្ដា​ដែល​​​ជំរុញ​ទឹកចិត្ត​ខ្ញុំ​អោយ​ចូលរួម​ក្នុងការ​ប្រកួត​នេះ​មាន ៖
– ចង់បង្ហាញ​សមត្ថភាព​អោយគេដឹង​ក៏ដូចជា​ខ្លួនឯង​បានដឹង​ថា តើខ្លួនឯង​មាន​គុណសម្បត្តិ និង គុណវិប្បត្តិ​ជា​អ្នកដឹកនាំ​យ៉ាងដូចម្ដេចខ្លះ
– ចង់បាន​នូវបទពិសោធន៍ និង ចំនេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ និង វិធីសាស្ត្រ​សំរាប់​ដឹកនាំ ។
– ចង់បាន​នូវការ​ទទួលស្គាល់​ជា​ស្ដង់ដារ​នូវភាពជា​អ្នកដឹកនាំ​ដើម្បី​អោយខ្លួន​ក្លាយជា​អ្្នកដឹកនាំ​នៅ​ថ្ងៃអនាគត់ ។
– ដើម្បី​ហាត់ពត់ និង លត់ដំ​បន្ថែម​នូវចំនុចខ្សោយ​របស់ខ្លួន​ដើម្បី​អោយខ្លួន​ក្លាយជា​អ្នកដឹកនាំ​ដ៏ឆ្នើម​នៅថ្ងៃអនាគត់ និង ដើម្បី​ដឹកនាំ​សង្គម​ក៏ដូចជា​ប្រទេសជាតិ​អោយមាន​ការរីកចំរើន និង ឧត្ដម​រុងរឿង ។
– ចង់ក្លាយជា​គំរូ​នៃ​អ្នកដឹកនាំ​ដើម្បី​អោយ​ប្រទេសកម្ពុជា​មាន​អ្នកដឹកនាំ​ដ៏ល្អ និង ដើម្បី​អោយ​ប្រទេសកម្ពុជា​ទទូល​សន្ដិភាព និង ភាពថ្កុំថ្កើង ។
ភាពជា​អ្នកដឹកនាំ ៖
លក្ខណៈ​របស់​អ្នកដឹកនាំ​ល្អម្នាក់​គួរមាន​គុណសម្បត្តិ ៖
– មាន​កាយសម្បទា​ល្អ សុខភាពល្អ អត្តចរឹក​ល្អ អាកប្បកិរិយា​ល្អ ។
– មាន​សមត្ថភាព មាន​ចំនេះដឹង មាន​បញ្ញាឈ្លាសវៃ ឬ ឧត្តមគតិ​ខ្ពស់​ក្នុងការ​ដឹកនាំ​មិនគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ។
– មាន​ចិត្តស្មោះត្រង់ គុណធម៌​ល្អ មានចិត្ត​សប្បុរស យុតិ្តធម៌​ដោយ​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​ មានចិត្ត​អត់ធ្មត់​ក្នុងការងារ ។
– មាន​ចិត្តក្លាហាន ម៉ឺងម៉ាត់ មានការ​ទទួលខុសត្រូវ​រាល់កិច្ចការងារ ។
– យល់ពី​តំរូវការ​របស់​សមាជិក ឬ ក្រុមការងារ ស្គាល់កាលៈទេសៈ ចេះបត់បែន​តាមស្ថានការណ៍​ ចេះ​ទទួលស្គាល់​ការពិត បើ​ចេះមើល​ចិត្តមនុស្ស​កាន់តែល្អ ។
– ចេះ​អត់អោន​អ្នកក្រោម​បង្គាប់ខ្លួន យល់ដឹង​ពីច្បាប់​បានទូលាយ ។
បទពិសោធន៍​ផ្ទាល់ខ្លួន៖
សកម្មភាព ឬ បទពិសោធន៍​ជា​អ្នកដឹកនាំ ឬ ធ្លាប់បាន​ចូលរួម​ការងារ​សង្គម​មាន ៖
– ដឹកនាំ​ក្រុមដង្ហែរក្បួន​ស្ដីពី​ជំងឺអេដស៍ សិទ្ធិមនុស្ស ទប់ស្កាត់​អំពើ​ហិង្សា ទប់ស្កាត់​ការបំពុល​បរិស្ថាន យ៉េនឌ័រ និង កូដកម្ម​ដំឡើង​ប្រាក់ខែ​កម្មករ ។
– ដឹកនាំ​ក្រុមចុះសិក្សា និង ស្រាវជ្រាវ​ស្ដីពី ទំនាស់ដីធ្លី (ភ្នំពេញថ្មី ភូមិ​សំបុកចាប) ស្ថានភាព និង ជីវភាព​រស់នៅ​របស់​ប្រជាជន (ភូមិរកាខេត្តកណ្ដាល) ការ​បាត់បង់​ព្រៃឈើ (ត្រាំកក់ ខេត្ត​កំពុងស្ពឺ) ការរំលោភ​សិទ្ធិមនុស្ស (សហជិព​កម្មករ ភូមិ៧៨) ការប្រើប្រាស់​អំពើ​ហិង្សា (ភូមិ​រកា ខេត្ត​កណ្ដាល)។
– ដឹកនាំ​ក្រុមចុះបង្រៀន និង បើក​សិក្ខាសាលា​ស្ដីអំពី យុវវ័យ និង សីលធម៌ (វិទ្យានកាមិត​ក្រោយ​សណ្ឋាគា​ភ្នំពេញ) ការអភិវឌ្ឍន៍​ខ្លួនឯង និង តំលៃ​ក្នុងសង្គម (សហការ​ជាមួយ​អង្គការ​ម៉ាវិណុល​នៅ​អន្លុងក្រង៉ាន) ការ​ទប់ស្កាត់​អំពើ​ហិង្សា​ដោះស្រាយ​ទំនាស់ និង ច្បាប់នៃ​អំពើ​ហិង្សា (នៅភូមិ​រកា ខេត្តកណ្ដាល)
– ដឹកនាំ​ក្រុមសំដែង​ឈុតខ្លីៗ​ស្ដីពី ជំងឺអេដស៍ (ប៉ុស្តិ៍លេខ៩) យុវជន និង ការងារធ្វើ (កំពង់សោម) សិទ្ធិសេរីភាព​យុវជន​ទាក់ទង និង សុខភាពបន្ដពូជ និង ជំងឺអេដស៍ (ប៉ុស្ដិ៍លេខ៩) នៅមាន​ច្រើនទៀត ។
ប្រសិនបើ​ជាប់​ជ័យលាភី ៖
ខ្ញុំបាទ​មាន​ក្រុមយុវជន​ពីរក្រុម​គឺ​ក្រុមទី១​ឈ្មោះ SPAD=Student four Peace and Development ក្រុមនេះ​ធ្វើការ​លើការ​កសាង​សន្ដិភាព និង អំពើ​ហិង្សា​ក្នុងគ្រួសារ ចំនែក​ក្រុមទី២​គឺ​ក្រុម VWB = Volunteer Without Border ក្រុមនេះ​ធ្វើការ​លើការ​ជួយសង្រោះ​កុមារ ។ ដូចនេះ​បើពេល​អនាគត់​ខ្ញុំ​បានទទួល​
ជ័យលាភី​ពីការ​ប្រកួតប្រជែង​នេះ នោះ​ខ្ញុំនឹង​ពង្រីក​ក្រុមទាំងពីរ​នេះ​អោយកាន់តែ​ខ្លាំងក្លាបំផុត ។លើសពីនេះ​ទៅទៀត​ខ្ញុំបាទ​នឹង​ចូលរួម​អភិវឌ្ឍន៍ និង កសាង​ប្រទេសកម្ពុជា​នេះ​អោយក្លាយជា​ប្រទេសមួយ​ដែល​ប្រកបដោយ​អហិង្សា​សកម្ម និង សន្ដិភាព​ពេញលេញ ។
អំពីទស្សនៈវិស័យ ៖
តាម​គំនិត​របស់ខ្ញុំ ខ្ញុំយល់ឃើញថា​ប្រទេសកម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​ប្រជាជន​សរុប​ចំនួន​ជាង ១៣ លាននាក់​ក្នុងនោះដែរ​យុវជន​គឺមាន​ចំនួន ៧០% ទៅហើយ​ប៉ុន្ដែ​ចំនួន​យុវជន​ទាំងអស់នោះ​គួរតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​អោយខ្លាំងក្លា​តែផ្ទុយទៅវិញ​ពួកគេ​មិនបាន​ទទួល​អ្វីសោះ​ពី​ប្រទេសជាតិ​ពួកគេ​បែរជា​ទទួលបាន​ការប្រើប្រាស់​សំរាប់​ជាឈ្នាន់​ទៅតាម​វិស័យផ្សេងៗ​ទៅវិញ ។ ជារៀងរាល់ឆ្នាំ​មានយុវជន​ច្រើនធ្វើ​ចំនាកស្រុក​ទៅរក​ការងារ​នៅ​ក្រៅប្រទេស (ក្នុងនោះ​មិត្តភក្តិ​ខ្ញុំ​ក៏មាន​ជាង ៣០ នាក់ដែរ) ។ លទ្ធិផល​របស់ពួកគេ​ទាំងនោះ​គឺ​អ្នកខ្លះ​ត្រូវបាន​សំលាប់​នៅតាម​ជាយដែន អ្នកខ្លះញៀនថ្នាំ អ្នកខ្លះ​កើតអេដស៍ អ្នកខ្លះ​ចាញ់ស្លាប់​ពេលត្រឡប់​មកដល់​ផ្ទះវិញ អ្នកខ្លះ​ពិការ​ព្រោះ​ត្រូវទារណ្ឌកម្ម​ផ្សេងៗ​ពេលគេ​ចាប់បាន…..។ ចំនែក​យុវជន​ផ្សេង​ដែលបាន​ទៅធ្វើការ​ចំនាកស្រុក​ទេនោះ​អ្នកខ្លះ​គ្មាន​ការងារ​ធ្វើ​នាំគ្នា​ទទួលទាន​ស្រា​បង្កបញ្ហា​បងតូច​បងធំហើយ​បង្ក​អសន្ដិសុខ​ដល់សង្គម ។ ចំនែកឯ​យុវជន​នៅទីក្រុង​ភាគច្រើន​ជាសិស្ស និង និស្សិត​ដែលព្យាយាម​ក្រេបជញ្ជក់​ចំនេះដឹង និង បទពិសោធន៍ ។ មិនតែប៉ុន្នោះ​ពួកដើរ​ស្ម័គ្រចិត្ត​អស់រាប់ឆ្នាំ​នៅគ្មាន​ការងារ​ដែល​បានកំរៃ​សំរាប់​ផ្គត់ផ្គង់​ខ្លួនគេ​បាន (ជាក់ស្ដែង ដូចជា​រូបខ្ញុំ​ស្ម័គ្រចិត្ត​អស់រយៈពេល ៣ឆ្នាំ) ។


រុន វណ្ណយ៉ា

ខែមករា 27, 2007

វណ្ណយ៉ាវណ្ណយ៉ា​ មាន​អាយុ​១៨​ឆ្នាំ​ មាន​ស្រុក​កំ​នើត​នៅ​ស្រុក​មុខ​កំ​ពូល​ខេត្ត​កណ្តាល​ សព្វថ្ងៃ​រស់​នៅ​ក្រុង​ភ្នំពេញ​​ ជា​និស្សិត​ឆ្នាំទី​១​នៅ សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទនី​តិ​សាស្ត្រ​​​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
នាងខ្ញុំ​ចង់បញ្ចេញ​សមត្ថភាព និង ចំណេះដឹង ហើយ​ចង់ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​របស់​សង្គម​ក្នុងនាម​ជា​យុវជន ដែលជា​សសរទ្រូង​ដ៏ថ្លៃថ្នូរ​មួយ​របស់​ប្រទេសជាតិ ជាពិសេស​នោះ មាន​បំណង​ចង់សិក្សា​រៀនសូត្រ ពិសោធន៍ និង ចំណេះដឹង​ថ្មីៗ អំពី​បញ្ហា​យុវជន​ដើម្បី​អភិវឌ្ឍន៍​ខ្លួនខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​ប្រយោជន៍​ចំពោះ​សង្គម ព្រោះថា​សង្គម​ត្រូវការ​យុវជន​ជា​ចាំបាច់ បើ​យុវជនល្អ​ចេះចូលរួម​ក្នុង​សង្គម នោះសង្គម​នឹងមាន​ការ​អភិវឌ្ឍន៍​រីកចំរើន ដូចនេះ​ហើយ​យុវជន​ត្រូវ​ចូលរួម​ក្នុង​ការងារ​សង្គម ជាពិសេស ចង់ក្លាយជា​អ្នកដឹកនាំ​មួយរូប​ប្រកបដោយ​សមត្ថភាព សេចក្ដីក្លាហាន និង សេចក្ដីថ្លៃថ្នូរ ដែល​ទទួលបាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ជាទីពេញចិត្ត​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​សង្គម ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
អ្នកដឹកនាំ​ល្អ​ត្រូវ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ជាធំ មាន​យុត្តិធម៌ ជា​អ្នកស្រលាញ់​ច្បាប់ យកច្បាប់​ជាធំ គោរព​សិទ្ធិមនុស្ស ចេះស្គាល់​សុខទុក្ខរាស្ត្រ ស្ដាប់មតិ និង សំណូមពរ ហើយ​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ត្រូវមាន​សុខភាព​ល្អ រាងកាយ​មាំមួន ឈ្លាសវៃ ចេះក្ដាប់​បាននូវ​កាលៈទេសៈ វៃឆ្លាត ក្នុងការ​មើលឃើញ​គ្រប់ទិដ្ឋភាព​នៃការ​រស់នៅ មានភាព​ក្លាហាន ឆន្ទះ​មោះមុត ហ៊ាន​តស៊ូមតិ និង អំណត់ព្យាយាម ចេះ​ដោះស្រាយ​បញ្ហា​សង្គម​ដោយ​សន្តិវិធី ស្រលាញ់​អហិង្សា ចេះ​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​គោរពច្បាប់ ហើយ​ត្រូវមាន​ទំនាក់ទំនង​ល្អ​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម គិតពី​ប្រយោជន៍​រួម​ជាធំ​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន និយាយរួម​ត្រូវមាន អភិបាលកិច្ច​ល្អ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។
អំពី​បទពិសោធន៍ ៖
– ក្នុងនាម​ជា​យុវជន​ជា​សសរទ្រូង​ប្រទេសជាតិ​មួយរូប​នាងខ្ញុំ​បាន​ទទួល​បទពិសោធន៍​ជា​អ្នកដឹកនាំ​ដោយ​បាន​សិក្សា​ពី​កិច្ចពិភាក្សា​ភាពជា
– អ្នកដឹកនាំ នៅ Harps well Foundation ជារៀងរាល់​សប្ដាហ៍
– ចូលរួម​បរិច្ចាកឈាម​នៅពេល​ក្រុម​កាកបាទក្រហម​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជួយ​ជនរងគ្រោះ
– ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​នៃ​អង្គការ​កាត់បន្ថយ​អាវុធ ដើម្បី​ចុះផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ពី​កាតព្វកិច្ច ច្បាប់អាវុធ និង ផលលំបាក​នៃការ​ប្រើប្រាស់​អាវុធ
– ចូលរួម​ក្នុង​ទិវាសិទ្ធិមនុស្ស ដោយ​ចុះតាម​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល និង សង្កាត់​ជាច្រើន​ដើម្បី​បើក​កិច្ចពិភាក្សា បញ្ហា​ការ​ប្រើប្រាស់​អាវុធ​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង ការ​គោរព​សិទ្ធិមនុស្ស​ក្នុងសង្គម តាមរយះ​អង្គការ (WGWR) ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
នាងខ្ញុំ​នឹង​ខិតខំ​ជំរុញ និង លើកទឹកចិត្ត​យុវជន​ឲ្យ​កាន់តែ​មាន​សកម្មភាព​ចូលរួម​ក្នុង​សង្គម​កាន់តែខ្លាំង លើកកំពស់​ស្មារតី​យុវជន​ឲ្យ​ស្គាល់​ពី​កាតព្វកិច្ច​របស់​ខ្លួន ហើយ​ចាប់ផ្ដើម​បង្កើត​ជាក្រុម​អាច​ឈានដល់​ជា​សហគមន៍​យុវជន​ឡើង ដើម្បី​ការ​ពិភាក្សា​បញ្ហា ការ​ផ្លាស់ប្ដូរ​គំនិតយោបល់ ដែល​ពាក់ព័ន្ធ​ទៅនឹង​ផលប្រយោជន៍​រួម ដូចជា បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យេនឌ័រ … បង្កើត​ឲ្យ​មាន​វគ្គបណ្ដុះបណ្ដាល​ចំណេះដឹង​ដល់​យុវជន បំផុស​ភាពក្លាហាន​ដល់​យុវជន ហើយ​បន្ទាប់ពី​យុវជន​រឹងមាំ​ហើយនោះ​សកម្មភាព​របស់​យុវជន​កាន់តែ​ខ្លាំងក្លា​ដែល​ជា​កត្តា​បំផុស​របស់​សហគមន៍ និង ប្រទេសជាតិ ដើម្បី​ប្រទេស​មាន លទ្ធិប្រជាធិបតេយ្យ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ។
អំពី​ទស្សនៈវិស័យ ៖
ស្ថានភាព​របស់​យុវជន​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​គឺ មាន​ភាព​ល្អប្រសើរ​យ៉ាងខ្លាំង ដោយ​សព្វថ្ងៃ យុវជន​បាន​ខិតខំ​រៀនសូត្រ​បន្តការ​សិក្សា​រហូតដល់​ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត ហើយ​ពួកគេ​បាន​ចូលរួម​យ៉ាងខ្លាំងក្លា​នៅ​ក្នុង​សង្គម​ដូចជា ការ​ចូលរួម​ទាំង​អង្គការ​ក្រៅរដ្ឋាភិបាល និង ក្នុងរដ្ឋាភិបាល ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​សិទ្ធិ កាតព្វកិច្ច និង លទ្ធិប្រជាធិបតេយ្យ​ជាច្រើន ។ ប៉ុន្តែ​ក៏មាន​យុវជន​ខ្លះ​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​ហើយ​ខ្លះទៀត​តែងបង្កបញ្ហា​យ៉ាងច្រើន​ដល់​សង្គម​ដូចជា ភ្លើតភ្លើន សប្បាយ​ភ្លេចខ្លួន មិន​ខិតខំ​សិក្សា​ហើយ​បណ្ដោយខ្លួន​ទៅ​ប្រើប្រាស់​គ្រឿងញៀន បងតូចបងធំ ហើយ​ឈានដល់​ការ​ឆក់ប្លន់​ដែល​បង្កនូវ​ភាពអសន្តិសុខ​ដល់​សង្គម ។ ចំពោះ​បញ្ហានេះ រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​បំផុស​លើ​យុវជន​ដូចជា ពង្រឹង​ការអប់រំ ច្បាប់ ផ្ដល់​វគ្គបណ្ដុះបណ្ដាល​ដល់​យុវជន​ទាំងផ្នែក​ឯកជន និង រដ្ឋ ហើយ​យុវជន​ខ្លួនឯង​ត្រូវចេះ​អភិវឌ្ឍន៍​ខ្លួនឯង ខិតខំ​រៀនសូត្រ ស្គាល់ពី​តម្លៃ​នៃ​ចំណេះដឹង បណ្ដុះស្មារតី​សមគ្គីជាតិ ស្រលាញ់​ជាតិ ។


ស៊ុន​ សុវត្ថា

ខែមករា 27, 2007

សុវត្ថាសុវត្ថា​​ សព្វថ្ងៃ​ជា​និសិ្សត​ឆ្នាំទី​៥​ នៅ​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​នៃ​សាកល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្ត្រ​សុខា​ភិ​បាល​។ សុវត្ថា​មាន​ស្រុក​កំ​នើត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
ជាការពិត​ក្នុងនាម​ជា​យុវជនម្នាក់ ខ្ញុំតែងតែ​ពេញចិត្ត​នឹង​ចូលរួម​រាល់សកម្មភាព​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​យុវជន និង រាល់សកម្មភាព​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ក្នុងការងារ​សង្គម ដើម្បី​ប្រតិបត្តិខ្លួន​ជា​ជនដែលមាន​ប្រយោជន៍​ដល់​សង្គមជាតិ ។ ការប្រកួតប្រជែង​នេះ ជាការ​ផ្ដល់ឱកាស​ដ៏ពេសេស​សម្រាប់​យុវជនកម្ពុជា​រួមទាំង​រូបខ្ញុំ​ផ្ទាល់​ក្នុងការ​ទទួលបាន​នូវបទពិសោធន៍​ក្នុងភាពជា​អ្នកដឹកនាំ​សម្រាប់​ខ្លួនឯង និង យុវជន​ជំនាន់ថ្មី ព្រមទាំង​ចំណេះដឹង​ថ្មីៗ​សម្រាប់​អនាគត​របស់​យើង ហើយ​ដើម្បី​ចង់សាកល្បង​សមត្ថភាព​ជា​អ្នកដឹកនាំ​របស់ខ្លួន​ជាមួយ យុវជនកម្ពុជា​ដទៃទៀត​ដែរ ពិសេស​ប្រសិនបើ​ជាប់ជា​យុវជនឆ្នើម ខ្ញុំនឹង​មាន​លទ្ធភាព​ទស្សនកិច្ច​សិក្សា​នៅ​បរទេស ដែល​ជា​ឱកាស​ដ៏ពេសេ​បំផុត​សម្រាប់ខ្ញុំ ដើម្បី​ស្វែងយល់​ពីអ្វី​ថ្មីៗ និង ល្អៗ​ពី​ទីនោះ​មកធ្វើជា​គំរូ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសកម្ពុជា​តាមលទ្ធភាព​ដែល​យុវជនម្នាក់​អាច​ធ្វើទៅបាន ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
វា​មិនមែន​ជាការ​ងាយស្រួល​ទេ​ដើម្បី​ក្លាយជា​មេដឹកនាំ​ល្អម្នាក់ គឺ​មានន័យថា មេដឹកនាំ​ល្អម្នាក់​ត្រូវមាន​គុណសម្បត្តិ​ច្រើនយ៉ាង ទីមួយ គេ​បាន​ឆ្លងកាត់​នូវការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​នូវ​មុខវិជ្ជា​ទាក់ទង​នឹង​ការដឹកនាំ គឺ ស្ថាប័នរដ្ឋ ឬ ឯកជន​នានា​ដែល​មានការ​ទទួលស្គាល់ ទីពីរ គេគួរតែ​មាន​បទពិសោធន៍​ច្រើន ចូលរួម​សកម្មភាព​ទាក់ទង​នឹង​ការដឹកនាំ និង សកម្មភាព​ផ្សេងៗទៀត​នៅក្នុង​សង្គម ទីបី គេត្រូវតែ​ជា​មនុស្ស​ពិសេស​ដែល​មិនមែន​ជា​អត្តទត្ថបុគ្គល គឺ​ត្រូវធ្វើអ្វីៗ​ដើម្បី​បំរើ​ផលប្រយោជន៍​រួម ហើយ​ក៏ត្រូវ​ទទួល​ស្ដាប់​នូវរាល់​យោបល់​របស់​កូនក្រុម និង ជជែក​វែកញែក​រក​ដំនោះស្រាយ​ជាមួយ​ពួកគេ មុននឹង​ធ្វើ​រាល់ការ​សម្រេចចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ក្រុមទាំងមូល ឬ ក៏​ប្រទេសជាតិ ចុងបញ្ចប់ គេ​គួរជា​អ្នក​មាន​សុភវិនិច្ឆ័យ​ល្អ និង អាច​បត់បែន​គ្រប់កាលៈទេសៈ​ដើម្បី​បញ្ចៀស​រាល់​ផលលំបាក​ផ្សេងៗ​ដល់ក្រុម ពិសេស​ដឹង​ទុក្ខធុរៈ​អ្នកដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​ខ្លួន ។
អំពី​បទពិសោធន៍ ៖
ចំពោះ​បទពិសោធន៍​គឺ​ខ្ញុំ​មាន​តិចបំផុត តែទោះជាយ៉ាងណា​ខ្ញុំ​តែងតែ​ធ្វើជា​អ្នកដឹកនាំ​ក្រុម​ក្នុង​កិច្ចការ​នៅឯ​សាសា​ភាសាអង់គ្លេស ព្រោះ​ខ្ញុំ​តែងមាន​ចំនាត់ថ្នាក់​ល្អ​ក្នុងថ្នាក់ ខ្ញុំ​រមែងយក​ចិត្តទុកដាក់ និង ស្វែងយល់​ពីរាល់​សកម្មភាព​របស់​អ្នកដឹកនាំ​តាំងពី​ថ្នាក់តូច​ដល់​ថ្នាក់ធំ ដូចជា ប្រធានថ្នាក់ ប្រធាន​សមាគមនិស្សិត ប្រធានគណបក្ស រដ្ឋមន្ត្រី និង នាយករដ្ឋមន្ត្រី … លើសពីនេះ ខ្ញុំតែង​ព្យាយាម​អាន​សៀវភៅ​ទាក់ទង​នឹង​អ្នកប្រាជ្ញវិទូ និង អ្នកដឹកនាំ​ល្បីៗ​លើ​ពិភពលោក ដើម្បី​ដុសខាត់​ខ្លួនឯង​ឲ្យ​មាន​សមត្ថភាព ឬ ក៏អាច​ក្លាយខ្លួន​ជា​អ្នកដឹកនាំ​ដ៏ល្អម្នាក់​ទៅ​ថ្ងៃអនាគត ។ កាលពី​ខ្ញុំ​នៅជា​សិស្ស​ខ្ញុំ​តែងបាន​ចូលជា​បច្ច័យ​សម្រាប់​ការសាងសង់​អគារ​សាលា ឬ សំណង់​ផ្សេងៗ​ក្នុងវត្ត ជាមួយ​សាលា ឬ ក្រុមគ្រួសារ​ខ្ញុំ​តាមលទ្ធភាព​ដែល​ខ្ញុំមាន ។ ពេលក្លាយជា​និស្សិត ខ្ញុំ​បាន​ចូលរួម​បកប្រែ​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​ក្រុមគ្រូពេទ្យ​បរទេស​ដែល​មកព្យាបាល​ដោយ​មិនយក​ថវិកា​ពី​ប្រជាជន​ក្រីក្រ ហើយ​ខ្ញុំតែង​ផ្ដល់​ជា​ថវិកា ឬ ទិញ​ឧបករណ៍​សិក្សា​សម្រាប់​ក្មេងៗ​តាមខេត្ត​ផងដែរ ពិសេស​ឥឡូវ​ខ្ញុំ​ក៏ជា​គ្រួបង្រៀន​បំប៉ន​ភាសាអង់គ្លេស ហើយ​ខ្ញុំ​រីករាយ​ជាខ្លាំង​ព្រោះ​ខ្ញុំ​អាច​រំលែក​ចំណេះដឹង​ទៅ​ក្មេងជំនាន់​ក្រោយ ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ខ្ញុំ​នឹងមាន​គំរោង​ដែល​ត្រូវធ្វើ​បន្តទៀត​គឺ ត្រូវបន្ត​ការ​ខិតខំ​រៀនសូត្រ​ទាំងនៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង អង់គ្លេស​ដើម្បី​ធ្វើខ្លួន​ជា​យុវជនឆ្នើម និង ជា​គំរូ​ដ៏ល្អម្នាក់​សម្រាប់​យុវជន​ជំនាន់ក្រោយ ហើយ​នឹង​បន្តចូលរួម​សកម្មភាព​ផ្សេងៗ​ក្នុង​ការងារ​សង្គម ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​បូជា​ទាំង​កំលាំងកាយចិត្ត និង ថវិកា​ទៅតាម​លទ្ធភាព​ផ្ទាល់ខ្លួន ពិសេស​គំរោង​ដ៏ធំ​មួយ គឺ ខិតខំ​រិះរក​នូវ​គំនិតថ្មីៗ​ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​យុវជនកម្ពុជា ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​រៀងៗខ្លួន​ដើម្បី​យើងជា​យុវជនខ្មែរ​ទាំងអស់គ្នា​អាច​ចូលរួម​ពួតដៃ​គ្នា​ក្នុងការ​ជួយ​កសាង​សង្គមជាតិ ។
អំពី​ទស្សនៈវិស័យ ៖
ខ្ញុំបាទ​មិនទាន់​ពេញចិត្ត​នឹង​ស្ថានភាព​យុវជនកម្ពុជា​ក្នុងពេល​បច្ចុប្បន្ន ដោយ​យោងទៅតាម​ការ​សង្កេតខ្លះៗ​របស់​ខ្ញុំ គឺ​នៅមាន​យុវជន​មួយចំនួន​តូច ដែល​នៅ​បន្តប្រព្រឹត្ត​ល្បែងស៊ីសង និង អំពើ​ពាលាអាវាសែ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ សន្តិភាព និង កិត្តិនាម​ប្រទេសជាតិ ។ សម្រាប់​កូនអ្នកមាន​យសសក្តិ​ខ្លះ ចាយលុយ​ហួសប្រមាណ​សម្រាប់តែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង មិន​ចូលរួម​លុយទាំងនោះ​ក្នុង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ក្នុង​សង្គម ហើយ​យុវជន​ក្រីក្រ​មួយចំនួន​មិនបាន​ទទួលការ​បណ្ដុះបណ្ដាល​រៀនសូត្រ​ដោយ​បញ្ហា​ថវិកា រីឯ យុវជន​ខ្លះ​ខិតខំ​រៀនសូត្រ​ឲ្យ​ពូកែ និង ដើម្បី​រក​របរ​ចិញ្ចឹមជីវិត​ដើម្បី​អនាគត​របស់​ពួកគេ​ទៅ​ថ្ងៃខាងមុខ ដូច្នេះ​យុវជនខ្មែរ​ត្រូវតែ​ខិតខំ​រៀនសូត្រ និង ដុសខាត់​ចិត្តគំនិតខ្លួន​ឲ្យ​ចេះស្រលាញ់​ប្រទេសជាតិ​ដោយ​គិត​ប្រយោជន៍​រួម​ជាពិសេស និង ត្រូវ​ធ្វើជា​គំរូល្អ​សម្រាប់​កូនខ្មែរ​ជំនាន់ក្រោយ ហើយ​ខ្ញុំតែងតែ​ជឿជាក់​យុវជន​ដែល​មាន​ចិត្តអង់អាច ក្លាហាន មោះមុត ក្លៀវក្លា និង ពុះពារ​គ្រប់ឧបសគ្គ​ហើយ​ក៏​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​វត្តមាន​របស់​ពួកគេ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដូចឃ្លា​មួយ​ដែល​ពោលថា ” យុវជន​ជា​សសរទ្រូង​ប្រទេសជាតិ ” ជាបញ្ចប់ ខ្ញុំបាទ​សង្ឃឹមថា រាល់​អង្គការ​ទាក់ទង​នឹង​យុវជន​ក្នុង​ប្រទេសកម្ពុជា​នឹង​ត្រូវ​បន្ត​បានការ​ជ្រោមជ្រែង​ពី​អង្គការ​ក្រៅរដ្ឋាភិបាល ពិសេស​គឺ​រដ្ឋាភិបាល​ផ្ទាល់​មានការ​ផ្ដល់​ជា​ថវិកា និង ការ​លើកទឹកចិត្ត​ដល់​អង្គការ​ទាំងនោះ​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នៃ​ស្ថានភាព​របស់​យុវជន​ក្នុង​ប្រទេសកម្ពុជា ។