សួន​​ ចំរើន​ភារៈ

ភារៈភារៈ​មាន​អាយុ​២២​ឆ្នាំ​ មាន​ស្រុក​កំនើត​នៅ​ក្នុង​ខេត្ត​ពោ​ធិ៍សាត់​ សព្វ​ថ្ងៃ​ជា​និស្សិត​នៅ​សា​កល​វិ​ទ្យា​ល័យ​អា​ស៊ាន​​​​ឆ្នាំ​ទី​៣ ។
មតិរបស់សួនចំរើនភារៈ ៖
កត្ដា​ដែល​​​ជំរុញ​ទឹកចិត្ត​ខ្ញុំ​អោយ​ចូលរួម​ក្នុងការ​ប្រកួត​នេះ​មាន ៖
– ចង់បង្ហាញ​សមត្ថភាព​អោយគេដឹង​ក៏ដូចជា​ខ្លួនឯង​បានដឹង​ថា តើខ្លួនឯង​មាន​គុណសម្បត្តិ និង គុណវិប្បត្តិ​ជា​អ្នកដឹកនាំ​យ៉ាងដូចម្ដេចខ្លះ
– ចង់បាន​នូវបទពិសោធន៍ និង ចំនេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ និង វិធីសាស្ត្រ​សំរាប់​ដឹកនាំ ។
– ចង់បាន​នូវការ​ទទួលស្គាល់​ជា​ស្ដង់ដារ​នូវភាពជា​អ្នកដឹកនាំ​ដើម្បី​អោយខ្លួន​ក្លាយជា​អ្្នកដឹកនាំ​នៅ​ថ្ងៃអនាគត់ ។
– ដើម្បី​ហាត់ពត់ និង លត់ដំ​បន្ថែម​នូវចំនុចខ្សោយ​របស់ខ្លួន​ដើម្បី​អោយខ្លួន​ក្លាយជា​អ្នកដឹកនាំ​ដ៏ឆ្នើម​នៅថ្ងៃអនាគត់ និង ដើម្បី​ដឹកនាំ​សង្គម​ក៏ដូចជា​ប្រទេសជាតិ​អោយមាន​ការរីកចំរើន និង ឧត្ដម​រុងរឿង ។
– ចង់ក្លាយជា​គំរូ​នៃ​អ្នកដឹកនាំ​ដើម្បី​អោយ​ប្រទេសកម្ពុជា​មាន​អ្នកដឹកនាំ​ដ៏ល្អ និង ដើម្បី​អោយ​ប្រទេសកម្ពុជា​ទទូល​សន្ដិភាព និង ភាពថ្កុំថ្កើង ។
ភាពជា​អ្នកដឹកនាំ ៖
លក្ខណៈ​របស់​អ្នកដឹកនាំ​ល្អម្នាក់​គួរមាន​គុណសម្បត្តិ ៖
– មាន​កាយសម្បទា​ល្អ សុខភាពល្អ អត្តចរឹក​ល្អ អាកប្បកិរិយា​ល្អ ។
– មាន​សមត្ថភាព មាន​ចំនេះដឹង មាន​បញ្ញាឈ្លាសវៃ ឬ ឧត្តមគតិ​ខ្ពស់​ក្នុងការ​ដឹកនាំ​មិនគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ។
– មាន​ចិត្តស្មោះត្រង់ គុណធម៌​ល្អ មានចិត្ត​សប្បុរស យុតិ្តធម៌​ដោយ​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​ មានចិត្ត​អត់ធ្មត់​ក្នុងការងារ ។
– មាន​ចិត្តក្លាហាន ម៉ឺងម៉ាត់ មានការ​ទទួលខុសត្រូវ​រាល់កិច្ចការងារ ។
– យល់ពី​តំរូវការ​របស់​សមាជិក ឬ ក្រុមការងារ ស្គាល់កាលៈទេសៈ ចេះបត់បែន​តាមស្ថានការណ៍​ ចេះ​ទទួលស្គាល់​ការពិត បើ​ចេះមើល​ចិត្តមនុស្ស​កាន់តែល្អ ។
– ចេះ​អត់អោន​អ្នកក្រោម​បង្គាប់ខ្លួន យល់ដឹង​ពីច្បាប់​បានទូលាយ ។
បទពិសោធន៍​ផ្ទាល់ខ្លួន៖
សកម្មភាព ឬ បទពិសោធន៍​ជា​អ្នកដឹកនាំ ឬ ធ្លាប់បាន​ចូលរួម​ការងារ​សង្គម​មាន ៖
– ដឹកនាំ​ក្រុមដង្ហែរក្បួន​ស្ដីពី​ជំងឺអេដស៍ សិទ្ធិមនុស្ស ទប់ស្កាត់​អំពើ​ហិង្សា ទប់ស្កាត់​ការបំពុល​បរិស្ថាន យ៉េនឌ័រ និង កូដកម្ម​ដំឡើង​ប្រាក់ខែ​កម្មករ ។
– ដឹកនាំ​ក្រុមចុះសិក្សា និង ស្រាវជ្រាវ​ស្ដីពី ទំនាស់ដីធ្លី (ភ្នំពេញថ្មី ភូមិ​សំបុកចាប) ស្ថានភាព និង ជីវភាព​រស់នៅ​របស់​ប្រជាជន (ភូមិរកាខេត្តកណ្ដាល) ការ​បាត់បង់​ព្រៃឈើ (ត្រាំកក់ ខេត្ត​កំពុងស្ពឺ) ការរំលោភ​សិទ្ធិមនុស្ស (សហជិព​កម្មករ ភូមិ៧៨) ការប្រើប្រាស់​អំពើ​ហិង្សា (ភូមិ​រកា ខេត្ត​កណ្ដាល)។
– ដឹកនាំ​ក្រុមចុះបង្រៀន និង បើក​សិក្ខាសាលា​ស្ដីអំពី យុវវ័យ និង សីលធម៌ (វិទ្យានកាមិត​ក្រោយ​សណ្ឋាគា​ភ្នំពេញ) ការអភិវឌ្ឍន៍​ខ្លួនឯង និង តំលៃ​ក្នុងសង្គម (សហការ​ជាមួយ​អង្គការ​ម៉ាវិណុល​នៅ​អន្លុងក្រង៉ាន) ការ​ទប់ស្កាត់​អំពើ​ហិង្សា​ដោះស្រាយ​ទំនាស់ និង ច្បាប់នៃ​អំពើ​ហិង្សា (នៅភូមិ​រកា ខេត្តកណ្ដាល)
– ដឹកនាំ​ក្រុមសំដែង​ឈុតខ្លីៗ​ស្ដីពី ជំងឺអេដស៍ (ប៉ុស្តិ៍លេខ៩) យុវជន និង ការងារធ្វើ (កំពង់សោម) សិទ្ធិសេរីភាព​យុវជន​ទាក់ទង និង សុខភាពបន្ដពូជ និង ជំងឺអេដស៍ (ប៉ុស្ដិ៍លេខ៩) នៅមាន​ច្រើនទៀត ។
ប្រសិនបើ​ជាប់​ជ័យលាភី ៖
ខ្ញុំបាទ​មាន​ក្រុមយុវជន​ពីរក្រុម​គឺ​ក្រុមទី១​ឈ្មោះ SPAD=Student four Peace and Development ក្រុមនេះ​ធ្វើការ​លើការ​កសាង​សន្ដិភាព និង អំពើ​ហិង្សា​ក្នុងគ្រួសារ ចំនែក​ក្រុមទី២​គឺ​ក្រុម VWB = Volunteer Without Border ក្រុមនេះ​ធ្វើការ​លើការ​ជួយសង្រោះ​កុមារ ។ ដូចនេះ​បើពេល​អនាគត់​ខ្ញុំ​បានទទួល​
ជ័យលាភី​ពីការ​ប្រកួតប្រជែង​នេះ នោះ​ខ្ញុំនឹង​ពង្រីក​ក្រុមទាំងពីរ​នេះ​អោយកាន់តែ​ខ្លាំងក្លាបំផុត ។លើសពីនេះ​ទៅទៀត​ខ្ញុំបាទ​នឹង​ចូលរួម​អភិវឌ្ឍន៍ និង កសាង​ប្រទេសកម្ពុជា​នេះ​អោយក្លាយជា​ប្រទេសមួយ​ដែល​ប្រកបដោយ​អហិង្សា​សកម្ម និង សន្ដិភាព​ពេញលេញ ។
អំពីទស្សនៈវិស័យ ៖
តាម​គំនិត​របស់ខ្ញុំ ខ្ញុំយល់ឃើញថា​ប្រទេសកម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​ប្រជាជន​សរុប​ចំនួន​ជាង ១៣ លាននាក់​ក្នុងនោះដែរ​យុវជន​គឺមាន​ចំនួន ៧០% ទៅហើយ​ប៉ុន្ដែ​ចំនួន​យុវជន​ទាំងអស់នោះ​គួរតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​អោយខ្លាំងក្លា​តែផ្ទុយទៅវិញ​ពួកគេ​មិនបាន​ទទួល​អ្វីសោះ​ពី​ប្រទេសជាតិ​ពួកគេ​បែរជា​ទទួលបាន​ការប្រើប្រាស់​សំរាប់​ជាឈ្នាន់​ទៅតាម​វិស័យផ្សេងៗ​ទៅវិញ ។ ជារៀងរាល់ឆ្នាំ​មានយុវជន​ច្រើនធ្វើ​ចំនាកស្រុក​ទៅរក​ការងារ​នៅ​ក្រៅប្រទេស (ក្នុងនោះ​មិត្តភក្តិ​ខ្ញុំ​ក៏មាន​ជាង ៣០ នាក់ដែរ) ។ លទ្ធិផល​របស់ពួកគេ​ទាំងនោះ​គឺ​អ្នកខ្លះ​ត្រូវបាន​សំលាប់​នៅតាម​ជាយដែន អ្នកខ្លះញៀនថ្នាំ អ្នកខ្លះ​កើតអេដស៍ អ្នកខ្លះ​ចាញ់ស្លាប់​ពេលត្រឡប់​មកដល់​ផ្ទះវិញ អ្នកខ្លះ​ពិការ​ព្រោះ​ត្រូវទារណ្ឌកម្ម​ផ្សេងៗ​ពេលគេ​ចាប់បាន…..។ ចំនែក​យុវជន​ផ្សេង​ដែលបាន​ទៅធ្វើការ​ចំនាកស្រុក​ទេនោះ​អ្នកខ្លះ​គ្មាន​ការងារ​ធ្វើ​នាំគ្នា​ទទួលទាន​ស្រា​បង្កបញ្ហា​បងតូច​បងធំហើយ​បង្ក​អសន្ដិសុខ​ដល់សង្គម ។ ចំនែកឯ​យុវជន​នៅទីក្រុង​ភាគច្រើន​ជាសិស្ស និង និស្សិត​ដែលព្យាយាម​ក្រេបជញ្ជក់​ចំនេះដឹង និង បទពិសោធន៍ ។ មិនតែប៉ុន្នោះ​ពួកដើរ​ស្ម័គ្រចិត្ត​អស់រាប់ឆ្នាំ​នៅគ្មាន​ការងារ​ដែល​បានកំរៃ​សំរាប់​ផ្គត់ផ្គង់​ខ្លួនគេ​បាន (ជាក់ស្ដែង ដូចជា​រូបខ្ញុំ​ស្ម័គ្រចិត្ត​អស់រយៈពេល ៣ឆ្នាំ) ។

2 Responses to សួន​​ ចំរើន​ភារៈ

  1. Khmer. ថា:

    ក្នុង​នាម​ខ្ញុំ​ជា​កូនខ្មែរមួយ​រូប​ដែរ​ ​ខ្ញុំ​សូម​ចូលរួម​សម្តែង​ ​និង​អបអរ​សាទរ​នូវ​ស្មារតី​ស្នេហា​ជាតិ​ ​ស្នេហា​សង្គម​…​របស់​លោក​។​ ​សូម​ជូន​ពរ​ឱ្យ​លោក​ទទួល​ជោគ​ជ័យ​ ​ និង​បាន​សម្រេច​គ្រប់​បំណង​ប្រាថ្នា​ដើម្បី​ចូលរួម​ចំណែក​ជួយ​ស្រោច​ស្រង់​ជាតិ​របស់​យើង។​ ​សង្គម​របស់​យើង​បើ​សិន​ជា​​មាន​មនុស្ស​ច្រើន​ ដែល​មាន​នូវ​ឆន្ទៈ​ ​និង​ស្មារតី​សេ្នហា​ជាតិ​ដូចជា​រូប​លោក​ ​នូវ​សង្គម​របស់​យើង​ពិត​ជា​ទទួល​បាន​នូវ​ភាព​សុខសាន្ត​ ​និង​អភិវឌ្ឍន៍​ជឿន​លឿន​ដូច​បណ្តា​​ប្រទេស​ដទៃ​ទៀត​ក្នុង​សកល​លោក​ ​ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ពិត​ជា​បាន​រស់​នៅ​ក្នុង​សង្គម​ដ៏​ជឿនលឿន៕​

  2. saophorn (A Bong) ថា:

    ពិតជាល្អ

ទំលាក់ មួយចំលើយតប ទៅ saophorn (A Bong) បោះ​បង់​ការ​ឆ្លើយ​តប